(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយលោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលទើបត្រូវបានតែងតាំងថ្មី ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជា។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត ជា សិរី បានបង្ហាញពីតួនាទីដ៏សំខាន់របស់ ADB ក្នុងការចូលរួមចំណែកគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកតាមរយៈការផ្តល់នូវជំនួយបច្ចេកទេស និងហិរញ្ញប្បទានទៅដល់គម្រោងអភិវឌ្ឍន៍ជាច្រើន មិនត្រឹមតែប៉ុណ្ណោះ ADB ក៏បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រព័ន្ធធនាគារ តាមរយៈការជួយរៀបចំបទប្បញ្ញត្តិសម្រាប់អភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដំបូងបង្អស់ លើពិភពលោកដែលមានបទប្បញ្ញត្តិលើវិស័យនេះ។
លោកស្រីបណ្ឌិតបានបញ្ជាក់ ពីការរួមចំណែករបស់ ADB ក្នុងការរៀបចំយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុកម្ពុជា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ២០០០ រហូតមកទល់បច្ចុប្បន្នផងដែរ។
លោកស្រីបណ្ឌិតបានលើកអំពីសក្តានុពលវិស័យកសិកម្មកម្ពុជា និងបានរំលេចពីការរួមចំណែកយ៉ាងសកម្មរបស់ ADB ក្នុងការអភិវឌ្ឍវិស័យនេះនាពេលកន្លងមក ព្រមទាំងបានស្នើឱ្យមានការបន្តចូលរួមគាំទ្របន្ថែមទៀត ទៅដល់វិស័យចម្បងសម្រាប់សេដ្ឋកិច្ចកម្ពុជាមួយនេះ។
លោក Masato Kanda ក៏បានថ្លែងកោតសសើរធនាគារជាតិនៃកម្ពុជា ចំពោះវឌ្ឍនភាពនៃប្រព័ន្ធធនាគារ និងប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ដែលបានជួយគាំទ្រការរីកចម្រើននៃសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងជំរុញបរិយាបន្នហិរញ្ញវត្ថុ។ ជាពិសេស ប្រព័ន្ធបាគង បានក្លាយជាគំរូជោគជ័យមួយ សម្រាប់ធ្វើការសិក្សា ដកយកបទពិសោធន៍ ចំពោះប្រទេសកំពុងអភិវឌ្ឍមួយចំនួនផងដែរ។ ធនាគារ ADB នឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច៕