(សៀងហៃ, ចិន)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ធ្វើទស្សនកិច្ចការងារទៅកាន់ទីស្នាក់ការក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd.។ ទស្សនកិច្ចនេះ មានគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបោះទុនវិនិយោគនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ លោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. និងសហការី។ លោកនាយកប្រតិបត្តិ បានសម្តែងក្តីសោមនស្សចំពោះគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាអញ្ជើញមកធ្វើទស្សនកិច្ចមកកាន់ក្រុមហ៊ុនរបស់លោកនាឱកាសនេះ។
លោកនាយកប្រតិបត្តិ បានពិពណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួន។ ស្របគ្នានេះដែរ លោក Jason ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួនមកកាន់កម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង, ការនាំចេញនាវាពីសៀងហៃចូលមកទីផ្សារកម្ពុជា, ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូបភាពភាគហ៊ុនិក និងការបោះទីតាំងផលិតនាវាជាដើម។
ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះភាពរីកលូតលាស់របស់ក្រុមហ៊ុន ដែលគួរយកជាករណីសិក្សា។ ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាឈ្វេងយល់បន្ថែមពីបរិយាកាសវិនិយោគ និងធុរកិច្ច សំដៅពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការច្បាមយកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុនផ្ទាល់៕