(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានស្គាល់ជា អាកាសយានដ្ឋានធំបំផុតនៅកម្ពុជា សាងសង់បាន៩៥% និងចំណាយទឹកប្រាក់អស់ ១៦០០លានដុល្លារ នឹងបើកដំណើរការក្នុងខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
នេះបើតាមការឲ្យដឹងរបស់ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) ក្នុងឱកាសដែល លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានជាង ៩០នាក់ និង ៥៦ស្ថាប័នធ្វើដំណើរទស្សនៈកិច្ចសារព័ត៌មានទៅកាន់ ព្រលានយន្តហោះអន្តរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។
បើតាមប្រសាសន៍របស់ លោកឧកញ៉ា ឆារស៍ វ៉ាន់, នៅក្នុងខែកក្កដាខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) នឹងធ្វើការផ្លាស់ប្ដូរទាំងស្រុងរួមទាំង ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នឹងបើកដំណើរការសារជាថ្មី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខែកក្កដាឆ្នាំ២០២៥។
លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បញ្ជាក់ថា នៅក្នុងរយៈពេល ១ថ្ងៃ អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវប្រើប្រាស់កម្មកររហូតដល់ជាង ៧០០០នាក់។ ជាមួយគ្នានេះ វិស្វករសរុបមានចំនួនជាង២០០នាក់ដែលជាជនជាតិខ្មែរ និង១០%ជាជនជាតិបរទេស។
នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) គូសរំលេចថា អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៥ នៃគម្រោងស្ថាបត្យកម្មពិភពលោកទាំង ១១ក្នុងឆ្នាំ២០២៥ ផ្អែកលើ ប្រណីតភាព ការរចនាបែបប្រពៃណីខ្មែរ និងដំបូលនៃអគារអាកាសយានដ្ឋាន ត្រូវបានរៀបចំដោយសំណង់ឈើ និងបរិស្ថានប្រកបទៅដោយរុក្ខជាតិបៃតង។
ឆ្លៀតក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានបង្ហាញពី មោទនៈភាព និងចូលរួមអបអរសាទរដែលប្រទេសកម្ពុជាអាចសាងសង់ អាកាសយានដ្ឋានដ៏ធំមួយ ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានភាពច្របូកច្របល់ ជាពិសេសបានសាងសង់ដោយកូនខ្មែរ និងគ្រប់គ្រងដោយកូនខ្មែរផ្ទាល់។
សូមជម្រាបថា ព្រលានថ្មីនេះមានលម្ហធំទូលាយលើ ដែលសាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ 4F អាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និង ប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕