(សៀងហៃ, ចិន)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ចូលរួមវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ដែលរៀបចំឡើងដោយសម្ព័ន្ធភស្តុភារកម្មសកល។ វេទិកានេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជូនដល់សហគមន៍ធុរកិច្ចដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។
ថ្លែងក្នុងវេទិកានោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាអំណោយផលខ្ពស់សម្រាប់ការវិនិយោគមានជាអាទិ៍ ១) សុខសន្តិភាព ស្ថិរភាពនយោបាយ, ២) ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, ៣) កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត និងបើកទូលាយទទួលយកការបណ្តុះបណ្តាលថ្មីៗ, ៤) រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យឯកជន, ៥) របបវិនិយោគដែលមានភាពទាក់ទាញ បត់បែន និងអនុគ្រោះ, ៦) ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា និង ៧) ទីតាំងភូមិសាស្ត្រដែលមានអំណោយផលខ្ពស់។
តាមរយៈវេទិកានេះ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួម នឹងពិនិត្យលទ្ធភាព និងឱកាសអញ្ជើញសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយបន្តនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចទីក្រុងសៀងហៃឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
សូមជម្រាបជូនផងដែរថា ឆ្លៀតឱកាសនៃវេទិកាខាងលើ លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធភស្តុភារកម្មសកល ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាពរបស់លោក ស៊ុន ចាន់ថុល៕