(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឥស្លាមមកពីខេត្តចំនួន៣ និងបានប្រគល់គម្ពីរអាល់គួរអាន ចំនួន២៥២០ក្បាល និងផ្លែល្មើចំនួន១,៦០០គីឡូក្រាម ដល់គណៈអ៉ីមាំ រាជធានីភ្នំពេញ, គម្ពីរអាល់គួរអានចំនួន១,០០០ក្បាល និងផ្លែល្មើចំនួន៨០០គីឡូក្រាម ដល់គណៈអ៉ីមាំខេត្តកណ្តាល និងគណៈអ៉ីមាំខេត្តតាកែវ ទទួលបានគម្ពីរអាល់គួរអាន ចំនួន៤០០ក្បាល និងផ្លែល្មើ ចំនួន៦៦០គីឡូក្រាម ដើម្បីចែកបន្តនៅតាមតំបន់នានាក្នុងខេត្តរបស់ខ្លួនរៀងៗខ្លួន។

គម្ពីរអាល់គួរអាន និងផ្លែល្មើដែលត្រូវបានប្រគល់ជូននៅរសៀលថ្ងៃតី២០ ខែមីនា ឆ្នាំ២០២៥ ពីសំណាក់ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ខាងលើ ជាព្រះរាជអំណោយ របស់ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC)។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា នៅឆ្នាំ២០២៥នេះ អារ៉ាប៊ីសាអូឌីត បានផ្តល់អំណោយគម្ពីរអាល់គួរអាន ចំនួន៥មុឺនក្បាល និងផ្លែល្មើ ចំនួន៣០តោន ដល់សហគមន៍ឥស្លាមកម្ពុជា ក្នុងនោះតាមរយៈមជ្ឈមណ្ឌលឥស្លាមភ្នំពេញ ចំនួន២៥តោន និងតាមរយៈស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ចំនួន៥តោន សម្រាប់បែងចែកជូនតាមគណៈអ៉ីមាំម៉ាស្ជិតឥស្លាមទូទាំងប្រទេស។ ក្រៅពីអារ៉ាប៊ីសាអូឌីត ក៏មានប្រទេសអូម៉ង់ ផ្តល់អំណោយផ្លែល្មើមួយចំនួនផងដែរ។

ជាមួយគ្នានេះ ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់ ស្ថានទូតអារ៉ាប៊ីសាអូឌីត និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារ សាលារៀន និងអំណោយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។

លោកក៏បានថ្លែងអំណរអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយដែលផ្តល់ដោយអង្គការសមាគមសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូល៕