(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ បានសហការជាមួយក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA រៀបចំវគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញាស្តីពី «ការកំណត់អត្តសញ្ញាណផលិតផល» ដល់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សរុបចំនួន៣២រូប ដែលមកពីនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេតតកំពង់ឆ្នាំង។
វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង កសាងសមត្ថភាពជំនាញដល់មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបង្កើនការជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌កម្ពុជា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ ស្វាហាប់ និងទស្សនវិស័យកំណែទម្រង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីឈានទៅដល់ការកែសម្រួល កែលម្អ កែតម្រូវ និងកែទម្រង់ ព្រមទាំងជំរុញការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែម ក្នុងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
ថ្លែងក្នុងពិធីបិទវគ្គ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានថ្លែងអំណរគុណដល់ក្រុមហ៊ុន S&O INTELLECTUAL PROPERTY CAMBODIA និងដៃគូដែលបានឧបត្ថម្ភ គាំទ្រសម្រាប់វគ្គបំប៉នជំនាញកម្មសិទ្ធិបញ្ញា ដ៏មានសារៈសំខាន់មួយនេះ និងអរគុណដល់វាគ្មិនមកពីនាយកដ្ឋានកម្មសិទ្ធិបញ្ញា ក្រសួងពាណិជ្ជកម្ម ព្រមទាំងគ្រូបង្គោលរបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក៏ដូចជាតំណាងម្ចាស់ម៉ាក ដែលចំណាយពេលដ៏មានតម្លៃមកធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ដល់សិក្ខាកាម។
លោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកនូវចំណេះដឹងដែលទទួលបានពីវគ្គបំប៉ននៅពេលនេះទៅបំពេញចំណុចខ្វះខាត ការយល់ច្រឡំ និងសំណូមពរចាំបាច់នានា ឆ្លើយតបទៅនឹងតម្រូវការ នៃការប្រតិបត្តិច្បាប់ពាក់ព័ន្ធជាមូលដ្ឋានក្នុងការពិនិត្យ ពិចារណា និងកែសម្រួលលើការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តីនគរបាលយុត្តិធម៌ ឲ្យស្របតាមក្រមនីតិវីធីព្រហ្មទណ្ឌ ក៏ដូចជាស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគ អាជីវករ កម្មសិទ្ធិករ សហគមន៍ និងប្រជាពលរដ្ឋមកលើមន្ត្រីនគរបាលជាតិ៕