(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូសមាគមយុវជនខ្មែរមហានគរ ដឹកនាំដោយលោក ហេង សំណាង ប្រធានប្រតិបត្តិសមាគម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ឱ្យស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចីរភាព។

លោក ហេង សំណាង បានជម្រាបជូនលោករដ្ឋមន្រ្តី អំពីវឌ្ឍនភាពការងាររបស់បណ្តុំអង្គការ និងសមាគមដែលបានរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

លោកក៏បានស្នើសុំការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋមន្រ្តី លើការងារអនុវត្តបន្ត ជាពិសេសការចូលរួមក្នុងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» និងស្នើឱ្យមានការរៀបចំគណៈកម្មការក្រសួងបរិស្ថាន ដើម្បីលើកទឹកចិត្តក្រុមយុវជនស្ម័គ្រចិត្តចូលរួមការងារបរិស្ថាន។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាគម និងគាំទ្រដល់គំនិតផ្តួចផ្តើមនានា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តឱ្យសមាគមជ្រើសរើសយកផ្លូវជាតិមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» និងបានបញ្ជាក់ពីការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍របស់សមាគមសម្រាប់ផែនការសកម្មភាពឆ្នាំ២០២៥។

លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យបណ្តុំអង្គការ និងសមាគម អនុវត្តការងារតាមភាពស្អាត ភាពបៃតង និងចីរភាព ដែលភាពស្អាតទី១ ផ្តោតលើភាពស្អាតក្នុងខ្យល់របស់កម្ពុជា និងភាពស្អាតទី២ គឺយុទ្ធនាការកាត់បន្ថយ និងសំអាតសំរាមប្លាស្ទិក ដោយបានដាក់ចេញយុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមប្លាស្ទិក» និងការរៀបចំឡដុតសំរាម និងកន្លែងទុកដាក់សំរាមត្រឹមត្រូវ។ ចំណែកភាពស្អាតទី៣ គឺការទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលក្នុងទឹកសាធារណៈ ជាការងារអាទិភាពដែលក្រសួងបរិស្ថានយកចិត្តទុកដាក់មុនគេ ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា។

ចំពោះភាពបៃតងវិញ លោករដ្ឋមន្រ្តីបានលើកឡើងពីការរៀបចំថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានសមត្ថភាពផលិតកូនឈើបានច្រើនជាង១លានដើម ក្នុង១ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដាំដោយឥតគិតថ្លៃ បន្ថែមពីនេះ ការងារអភិរក្សក៏បានពង្រឹងជាប្រចាំ ដោយមានឧបករណ៍ដ្រូនជាជំនួយដល់ឧទ្យានុរក្ស។ ទន្ទឹមនឹងការអភិរក្ស ក្រសួងក៏បានដាក់ចេញគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការអភិវឌ្ឍ ស្របតាមការចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕