(ស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ជនបង្កបើករថយន្តក្រឡុកស៊ីម៉ងត៍ បុកម៉ូតូអ្នកធ្វើដំណើរតាមដងផ្លូវបណ្តាលឲ្យដួលម៉ូតូរងរបួសស្រាល រួចរត់តាមផ្លូវបេតុង១ខ្សែ បុកក្លោងទ្វារវត្តព្រៃអង្គុញ (ពីខាងត្បូង) ពេញទំហឹងបណ្តាលឲ្យបាក់ក្លោងទ្វារសង្កត់រថយន្តជាប់ទៅមុខលែងរួច ហើយអ្នកបើកបរបានបើកទ្វារថយន្តរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅជាប់ក្រោមក្លោងទ្វារ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង ៤៖៣០នាទីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅចំណុចក្លោងទ្វារវត្តព្រៃអង្គុញ ខាងត្បូងស្ថិតនៅភូមិព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត។
ប្រជាពលរដ្ឋបានឲ្យដឹងថា រថយន្តបុកក្លោងទ្វារវត្តនេះ បានបុកម៉ូតូកម្មករចេញពីធ្វើការនៅក្រុងបាវិត បណ្តាលឲ្យដួលម៉ូតូរងរបួសស្រាល ហើយបានរត់ចូលស្រុកចន្រ្ទាពេលមកដល់ក្លោងទ្វារវត្តព្រៃអង្គុញ ក៏បានបត់រថយន្តចូលតាម ផ្លូវបេតុងចូលទៅវត្តព្រៃអង្គុញ បុកកំពូលក្លោងទ្វារវត្តបាក់ទាំងផ្ទាំងសង្កត់ជាប់រថយន្តទៅមុខលែងរួច អ្នកបើកបរបានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល។
សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តឲ្យមកទទួលខុសត្រូវតាមច្បាប់៕