(មណ្ឌលគិរី-រតនគិរី)៖ ដោយទទួលបានការណែនាំលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក​បណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកកោះញែក​ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​មណ្ឌលគីរី​ និង​មន្ទីរពេទ្យ​បង្អែក​បរកែវ​ របស់​រដ​្ឋបាលខេត្ត​រតនគីរី​ ចាប់​ពី​ថ្ងៃទី១៨​ ដល់​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ២០២៤​។

ក្នុងឱកាសបំពេញបេសកកម្មនេះ លោក​បណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តទាំង២​ ដែលបានលះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិន​ត្រូវ​រើសអើង​អ្នក​ជំងឺ​ណា​ម្នាក់​ ជា​ពិសេស​អ្នក​ជំងឺ​ក្រីក្រ​ អ្នក​ជំងឺ​ ប.ស.ស​។

លោក​បណ្ឌិតបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ក្នុងមួយឆ្នាំចុះ២ដង នេះជាលើកទី៤ហើយ ដែលបានចុះមកខេត្តមណ្ឌលគីរី​ និង​ខេត្ត​រតនគីរី​​។ លោក​បណ្ឌិតបានកោតសរសើរអំពីការរីកចម្រើន របស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យលើកទី១ កាលពីឆមាសទី២ ឆ្នាំ២០២៣ កន្លងមក។

លោក​បណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតែងតែគិតគូពីសុខភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព៕