(តាកែវ)៖ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង​ថ្ងៃ​ទី២២ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោក​ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យទន្លេលើក​ទី៩ នៅក្នុងខេត្តតាកែវ។

ក្នុងពិធីបើកបុណ្យទន្លេល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិក​ព្រឹទ្ធ​សភា សមាជិករដ្ឋ​សភា សមាជិករាជរដ្ឋាភិបាល គណៈកម្មការអន្តរ​ក្រសួង ឯកអគ្គរាជ​ទូត​-រដ្ឋទូតប្រទេសជាមិត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹក​នាំ និងមន្ដ្រីរាជការក្រសួងទេសចរណ៍ និងខេត្តតាកែវ ភ្ញៀវជាតិ អន្តរជាតិរាប់ពាន់នាក់។

ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយ​សម្រាប់​កម្ពុជា ដែលមិនត្រឹមតែ​ចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តា​នុពល​ទេស​ចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងចូល​រួមគាំទ្រ​នយោបាយរបស់រាជ​រដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់​អភិវឌ្ឍ​តំបន់តាមដងទន្លេប្រកបដោយនិរន្ត​រភាព និងការទទួលខុសត្រូវ។

ព្រឹត្តិការណ៍បុណ្យ​ទន្លេ ក៏ជាឱកាសមួយដើម្បី​ពង្រឹង​គុណភាពសេវាកម្ម និង​ការបង្កើត និងអភិវឌ្ឍផលិតផល​ទេស​ចរណ៍​ថ្មីៗ ប្រកប​ដោយ​ការច្នៃប្រឌិត​ខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និង​សហ​គមន៍​ទេសចរណ៍តាមដងទន្លេជាដើម។

ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្តស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅ​ខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និងលើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់​ដំបង, លើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ លើកទី៨ ឆ្នាំ២០២៤ នៅខេត្ត​សៀម​រាប និងលើកទី៩ នៅលើទឹកដីខេត្តតាកែវ។

ពិធីបុណ្យទន្លេលើកទី៩ ក្នុងខេត្តតាកែវ រៀបចំឡើងក្រោមប្រធានបទ « គុណ​តម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលប្រារព្ធ​ធ្វើ​ឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២១ ២២ និង២៣ ខែមីនា ឆ្នាំ២០២៥។

ពិធីបុណ្យទន្លេ ដែលប្រារព្ធនៅខេត្តតាកែវ ជាបុណ្យលើកទី៩ សម្រាប់​កម្ពុ​ជា និងជាបុណ្យលើកទី១ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តតាកែវ។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ រៀបចំពិធីបុណ្យទន្លេនេះ រដ្ឋបាលខេត្តតាកែវ បានសហការជាមួយ​ក្រសួងពាក់ព័ន្ធ មន្ទីរ អង្គភាព រួមនឹង មន្រ្តីរាជការ កងកម្លាំងប្រដាប់​អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋទាំងអស់ បានចូលរួមសហការ​រៀបចំឱ្យ​មាន​ព្រឹត្តិ​ការណ៍នានា ដូចជា ការជិះកង់ចម្ងាយ ៧៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ​មក​ទីរួមខេត្តតាកែវ ក្រោមប្រធានបទ «សេរីភាពនៃការជិះកង់» កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ការរត់កម្សាន្តមហាជនចម្ងាយ ៥គីឡូ​ម៉ែត្រ ការដាំដើមឈើរួមគ្នា កីឡាប៉េតង់មហាជន កីឡាអុកចត្រង្គ កីឡារែក លោតមឹក កីឡាបាល់ទះមហាជន បាល់ទាត់មិត្ត​ភាព កីឡាប៉ារ៉ាម៉ូទ័រ ប្រដាល់​គុនខ្មែរ និងការជិះទូកកាយ៉ាកជាដើម ដែលបានបើកឱកាសឱ្យ​ប្រជា​ពលរដ្ឋគ្រប់មជ្ឈដ្ឋានបាន ចូលរួមលេងកម្សាន្តរីករាយក្រោមម្លប់ នៃ
សុខសន្តិភាព។

ជាមួយគ្នានេះ ក៏មានរៀបចំពិព័រណ៌ផលិតផលពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុង​គោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម ផលិតផលក្នុងស្រុក ក្នុងតំបន់ និង​តំបន់ទន្លេនៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ ដើម្បីជាការចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍសេដ្ឋកិច្ចស្របតាមយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧។

សូមបញ្ជាក់ថា ខេត្តតាកែវ ជាខេត្តវ័យចំណាស់ដែលបានកកើតទឹកដី និង​អារ្យធម៌ខ្មែរ​ដំបូង​បង្អស់ តាំងពីសម័យអាណាចក្រហ្វូណន ឬ នគរភ្នំ ដែល​បានបន្សល់​ទុកនូវ​ធនធានប្រវត្តិសាស្ត្រជាប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទភ្នំដា​សត​វត្សទី៦ ស្ថិតនៅស្រុកអង្គរបុរី ប្រាសាទភ្នំ បាយ៉ង់សតវត្ស​ទី៧ ស្ថិត​នៅលើ​កំពូល​ភ្នំបាយ៉ង់ ស្រុកគិរីវង់ ប្រាសាទនាងខ្មៅសតវត្សទី១០ ស្ថិតក្នុងស្រុក​សំរោង ប្រាសាទភ្នំជីសូរ្យសតវត្សទី១១ ស្ថិតក្នុងស្រុកសំរោង ប្រាសាទភ្នំ​តា​ម៉ៅ សតវត្សទី១១ ស្ថិតក្នុងស្រុកបាទី ប្រាសាទតា​ព្រហ្មសត​វត្ស​​ទី១២ និង ដើមសតវត្សទី១៣ ស្ថិតក្នុងស្រុកបាទី ហើយទីតាំង​ប្រាសាទ​ទាំងនោះ បាន​ប្រែក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏ទាក់ទាញ​សម្រាប់ភ្ញៀវ​ជាតិ អន្តរជាតិទស្សនា និងសិក្សាស្វែងយល់។

ជាមួយគ្នានេះ ខេត្តតាកែវ ក៏មានតំបន់ទេសចរណ៍ធម្មជាតិ និង ទេស​ចរណ៍​កែ​ច្នៃ សម្រាប់ភ្ញៀវទេសចរណ៍ មកលេងកម្សាន្តផងដែរ ដូចជា រមណីយ​ដ្ឋាន​ទន្លេបាទី រមណីយដ្ឋានទឹកជ្រោះផ្អោក រមណីយដ្ឋានភ្នំខ្លែង រមណីយ​ដ្ឋាន​ភ្នំជីតាពេជ្រ រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និង វត្ត​ពុទ្ធគិរីកម្ពុជា។ ក្រៅពីរមណីយដ្ឋានទេសចរណ៍ ខេត្តតាកែវ ក៏មានមូល​ដ្ឋាន​អាជីវកម្ម សម្រាប់បម្រើសេវាកម្មម្ហូបអាហារដ៏មានសក្តានុពល ដែលជា​ប្រភេទ​បង្កងធម្មជាតិ និងត្រូវបានចុះបញ្ជីសម្គាល់ភូមិសាស្ត្រ (GI) ដោយ​ក្រសួងពាណិជ្ជកម្ម។ ក្នុងឆ្នាំ២០២៤ កន្លងទៅ ទទួលបានទិន្នផលចំនួន ៥០តោនសម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត និង ក្រៅខេត្ត។ ទន្ទឹមនេះ ពងទា ស្រែ​រនោង ក៏ត្រូវបានទទួលស្គាល់ថា ជាប្រភេទពងទាមានរស់ជាតិឆ្ងាញ់ ដែល​អាចទទួលបានទិន្នផលជាមធ្យម ១១៤.០០០គ្រាប់ក្នុងមួយថ្ងៃ និង​ជាង ១០០លានគ្រាប់ក្នុងមួយឆ្នាំ សម្រាប់នាំចេញលើទីផ្សារទាំងក្នុងខេត្ត និងក្រៅ​ខេត្តផងដែរ។

ក្រោមមនុញ្ញផលនៃសុខសន្តិភាព និងគោលនយោបាយអភិវឌ្ឍជាតិប្រកបដោយឆន្ទៈមុះមុតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងនីតិកាលចាស់ និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ខេត្តតាកែវ ទទួលបាននូវសមិទ្ធផលយ៉ាងច្រើនផងដែរ។ ខេត្តតាកែវ ជាខេត្ត​ប្រកបដោយសក្តានុពលកសិកម្មដែលមាន តុល្យភាព​ស្បៀងសម្រាប់ឆ្នាំ២០២៤កន្លងទៅ បរិមាណផលសរុបចំនួន ១,៣៦៤,៤៨៩តោន និងតុល្យភាពស្បៀងគិតជាអង្ករចំនួន ៧៥៩,៧៤៧តោន តុល្យ​ភាព​ស្បៀងគិតជាស្រូវចំនួន ៩៥៩,៥៩០តោន។ បរិមាណស្រូវនាំចេញ និង ឆ្លងកាត់ក្នុងឆ្នាំ២០២៤ ប្រមាណ ៩៨៨,៩១០តោន។ ជាតំបន់សេដ្ឋកិច្ច​ឧស្សា​ហកម្ម ដែលមានរោងចក្រ សហគ្រាសធំៗជាច្រើន បាន​នឹង​កំពុង​ប្រកប​អាជីវកម្ម និងបន្តមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ដែល​បច្ចុប្បន្ន​ទូទាំងខេត្ត មានរោងចក្រ សហគ្រាស គ្រឹះស្ថាន ចំនួន ៧៦៩កន្លែង កម្មករ​និយោជិត ១០៧,៤១១នាក់ ស្រី ៧៤,៤៥១នាក់។ ក្នុងនោះ ទី១៖ ផ្នែករោង​ចក្រវាយនភ័ណ្ឌកាត់ដេរចំនួន ១២៨កន្លែង កម្មករនិយោជិត ៩៣,៤៧០​នាក់ ស្រី ៦៨,៧៨១នាក់, ទី២៖រោងចក្រ សហគ្រាសក្រៅពី វាយនភ័ណ្ឌកាត់​ដេរ​មាន ៤៤២កន្លែង កម្មករនិយោជិត ៩,៨៩១នាក់ ស្រី ៤.៦៦០នាក់, ទី៣៖ ផ្នែកសេវាកម្ម មាន១៩៥កន្លែង កម្មករនិយោជិត ៣,៩៨១នាក់ ស្រី ១,២៨៤នាក់ និង ទី៤៖ សិប្បកម្មផលិតឥដ្ឋមានចំនួន ៤កន្លែង កម្មករ​និយោ​ជិត ៦៩នាក់ ស្រី ២៦នាក់។

ប្រាក់ចំណូលជាមធ្យមសម្រាប់កម្មករនិយោជិតក្នុងមួយឆ្នាំប្រមាណ ៣០២,៧៣០,០០០ដុល្លារអាមេរិក។ ក្រៅពីរោងចក្រ សហគ្រាសខាងលើ ក៏មាន​សិប្បកម្មខ្នាតតូចជាលក្ខណៈគ្រួសារ ដូចជា តម្បាញ ផាមួង ហូល ក្រមារ​សូត្រ ដែលមាននៅស្រុកសំរោង ស្រុកបាទី និងស្រុកព្រៃកប្បាស ខេត្តតាកែវ​។ ចំណូលសម្រាប់មនុស្សម្នាក់ៗស្មើនឹង ៧,០៤៥,០៣០រៀល ឬស្មើ ១,៧១៨,៣ដុល្លារ ក្នុងឆ្នាំ ២០២៣៕