(ព្រះវិហារ)៖ គណៈប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដឹកនាំដោយលោក ហុឺ តារា អនុរដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ ក្នុងស្មារតីនៃវប្បធម៌ចែករំលែក បានអញ្ជើញចុះទៅសួរសុខទុក្ខនិងចែកអំណោយ មានគ្រឿងឧបភោគបរិភោគ រួមទាំងថវិកា ជូនដល់នគរបាលការពារព្រំដែនខេត្តឧត្តរមានជ័យ កងវរសេនាតូច ៩០៥ និងនគរបាលការពារព្រំដែនខេត្តព្រះវិហារ កងវរសេនាតូច ៧៩៥។

នាឱកាសនោះដែរ លោក ហុឺ តារា ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ពីសំណាក់លោកស្រីរដ្ឋមន្រ្តី។ លោកបានលើកឡើងថា ថ្វីដ្បិតកងកម្លាំងទាំងអស់ត្រូវប្រឈមមុខនឹងបញ្ហាយ៉ាងច្រើនក៏ដោយ ទាំងការងារកិច្ចការពារបូរណភាពទឹកដី និងការងារកសាងអង្គភាពផងនោះ ក៏កងកម្លាំងទាំងអស់បានខិតខំប្រឹងប្រែង តស៊ូយកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពពុះពារជម្នះរាល់ឧបសគ្គ រហូតសម្រេចបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនទាំងនៅសមរភូមិមុខ ក៏ដូចជានៅសមរភូមិក្រោយ ប្រកបដោយទឹកចិត្តមុះមុត ស្មារតីអង់អាច ក្លាហាន តស៊ូប្តូរផ្តាច់ ក្នុងបុព្វហេតុជាតិមាតុភូមិ ដែលជាគុណបំណាច់មិនអាចកាត់ថ្លៃបាន និងចងចាំមិនភ្លេចនោះឡើយនូវគំរូវីរភាព ដ៏អង់អាចក្លាហានរបស់កងទ័ពយើង។

ជាមួយគ្នានេះ អំណោយដែលផ្តល់ជូននគរបាលការពារព្រំដែននៃកងវរសេនាតូច ទាំងពីរខាងលើរួមមាន គ្រឿងឧបភោគ បរិភោគ (អង្ករ ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខកំប៉ុង មី ស្ករស ប៊ីចេង ប្រេងឆា) ព្រមទាំងឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ៕