(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះចែកជូនបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ដល់ប្រជាពលរដ្ឋចំនួន៤ភូមិ ក្នុងឃុំឈូ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ការចុះចែកជូនបណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនវត្ថុ ធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ចំពោះសមិទ្ធិផលដែលប្រជាពលរដ្ឋទទួលបាននាពេលនេះ គឺដោយសារសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន ជាកំពូលស្ថាបនិក និងបិតាសន្តិភាពរបស់ប្រទេសកម្ពុជា ដែលបានបញ្ចប់សង្គ្រាមនៅកម្ពុជា លែងមានតំបន់រដ្ឋបាលគ្រប់គ្រងដោយ២ ឬ៣ភាគី កម្លាំងប្រដាប់អាវុធបន្តទៀត ដោយមានរដ្ឋាភិបាលតែមួយគត់ ដែលបង្កលក្ខណៈឱ្យយើងអាចវាស់វែងដីទាំងអស់ទូទាំងប្រទេស ចុះបញ្ជីស្តង់ដារតែមួយ ដោយច្បាប់តែមួយ ដើម្បីធានានូវភាពរឹងមាំសម្រាប់ប្រជាពលរដ្ឋគ្រប់កន្លែងទាំងអស់។

លោកស្រីបណ្ឌិតបានថ្លែង អបអរសាទរចំពោះលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំង អស់ នៅក្នុងភូមិចំនួន ៤ នៃឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលទទួលបានបណ្ណកម្មសិទ្ធិនេះ។

លោកស្រីបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «បណ្ណកម្មសិទ្ធិពិតជាមាន សារៈសំខាន់ណាស់ ជាកម្មសិទ្ធិលើអចលនវត្ថុស្របច្បាប់ និងជាទ្រព្យសម្បត្តិដែលចាំបាច់របស់ក្រុមគ្រួសារនីមួយៗ ដូច្នេះឯកសារនេះ មិនត្រឹមតែជាមូលដ្ឋានសម្រាប់បែងចែកមរតក តកូនតចៅនោះប៉ុណ្ណោះទេ តែក៏ជាឯកសារចាំបាច់បំផុត សម្រាប់ធានាការខ្ចីឥណទាន សម្រាប់បង្កើតអាជីវកម្ម និងបម្រើដល់ការងារបង្កបង្កើនផលកសិកម្មផងដែរ»។

លោកស្រីបណ្ឌិត ជា​ សិរី បានថ្លែងឲ្យដឹងថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់កម្មសិទ្ធិអចលនវត្ថុទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការទទួលកម្ចីពីក្រុមទុច្ចរិតក្រៅច្បាប់ ដែលនាំឱ្យកើតមានបំណុលវ័ណ្ឌក ក្នុងនោះប្រសិនមានការចាំបាច់ ត្រូវប្រើប្រាស់ប្រាក់កម្ចីសូមព្យាយាម និងស្វែងរកកម្ចីផ្លូវការពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលទទួលបានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

លោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានឲ្យដឹងថា ក្រុមការងារប្រព័ន្ធបានធ្វើ ពិធីបិទផ្សាយជាសាធារណៈ នៅតាមភូមិទាំង៤ លើឯកសារនៃការវិនិច្ឆ័យ អនុវត្តតាមនីតិវិធីការចុះបញ្ជីរួចរាល់ជាស្ថានពរ រហូតមកដល់ពេលនេះសម្រេចជោគជ័យ១០០ភាគរយ ក្នុងការចែកចូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ឃុំ ស្រុក ខាងលើដែលមានបណ្ណសរុបចំនួន១.២៧១បណ្ណ ស្មើនឹង៦៩៤គ្រួសាររួមមាន ភូមិបឹងខ្វែកចំនួន៣០៧បណ្ណ ស្មើ២០៥គ្រួសារ, ភូមិអន្លង់ស្លែងចំនួន៤៩៥ប័ណ្ណ ស្មើ២៣៦គ្រួសារ, ភូមិអន្ទង់ខ្ទុំចំនួន២៧៩បណ្ណ ស្មើ១៥៦គ្រួសារ និងភូមិកំពីងតាគង់ចំនួន១៩០ប័ណ្ណ ស្មើ៩៧គ្រួសារ៕