(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អន្ទិត ជួន កក្កដា បានធ្លាប់បង្ហើបពីការលាចាកសិក្ខាបទ តាំងពីភរិយាសម្តេចទៅថ្វាយបង្គំម្ល៉េះ ហើយការសឹកនេះ មិនមានសម្ពាធ ឬការបង្ខំឡើយ ពោលគឺជាការស្ម័គ្រចិត្តរបស់លោកផ្ទាល់។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងបន្ទាប់ពីមានក្រុមជ្រុលនិយមមួយចំនួនបំភ្លៃថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយត្រកូល ហ៊ុន បានចាប់ផ្សឹកព្រះសង្ឃ ជួន កក្កដា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងដូច្នេះ៖ «(គេ) ថារបបរដ្ឋាភិបាល ត្រកូល ហ៊ុន នេះ កំណាចណាស់ សូម្បីតែលោកក៏ចាប់ផ្សឹកដែរ។ ដោយសារ ព្រះសង្ឃ ជួន កក្កដា លោកទើបតែសឹក។ ដល់អីចឹង គេចោទយើងថា យើងបង្ខំផ្សឹកលោក»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា «លោក ចាយ បូរិន (រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា) ឲ្យលោកប្អូន ជួយពន្យល់ផង។ រឿងហ្នឹង ២ដងហើយ អត់មាននរណាបង្ខំលោកទេ ពុទ្ធិបរិស័ទ្ធ ដែលជាហ្វេន (អ្នកគាំទ្រ) របស់លោក រួមទាំងប្រពន្ធខ្ញុំ អត់ចង់ឲ្យលោកសឹកទេ និយាយតាមត្រង់ទៅ។ គ្រាន់តែទៅថ្វាយបង្គំលោក លោកមានសង្ឃដីកាថា ញោមបន្តិចទៀតប្រហែលអាត្មាត្រូវសឹកហើយ»

ព្រះធម្មវិជ្ជា ជួន កក្កដា ព្រះវិន័យធរគណខេត្តតាកែវ​, ព្រឹទ្ធបុរសរងនៃពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ​ និងនាយកសាលាពុទ្ធិកប្រាសាទនាងខ្មៅ បានលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ព្រះធម្មវិជ្ជា ជួន កក្កដា បានសាងផ្នួសជាសង្ឃ ក្នុងវ័យ១៣ឆ្នាំ កាលពីឆ្នាំ១៩៩៨ ដែលមកដល់ពេលនេះមានរយៈពេល ២៧ឆ្នាំហើយ។

បើតាមប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការសឹករបស់អន្ទិត ជួន កក្កដា គឺជាការសម្រេចចិត្តរបស់លោកផ្ទាល់ ហើយពុទ្ធបរិស័ទ្ធដែលធ្លាប់គាំទ្រព្រះអង្គ សូមជួយបន្តគាំទ្រលោកបន្តទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា អន្ទិត ជួន កក្កដា ក៏មានបំណងចូលរួមជួយវិស័យព្រះពុទ្ធសាសនាទៀត រាជរដ្ឋាភិបាលគ្រោងរៀបចំលោក ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ដើម្បីឲ្យលោកជួយសាសនាតទៀត៕