(ភ្នំពេញ)៖ សំរាប់សប្តាហ៍ទី៣ ក្នុងខែមីនា ឆ្នាំ២០២៥ គឺនៅរាត្រីថ្ងៃសៅរ៍២២ ខែមីនា ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា (Mekong Ganga Cooperation Food Festival 2025) ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌានាខាងមុខវត្តឧណ្ណាលោម។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំឱ្យមានក្រុមកំប្លែង ដារីន ដារ៉ូ ផងដែរ ដែលក្រុមនេះជាក្រុមដែលល្បីល្បាញ។

កម្មវិធីនេះបានប្រព្រឹត្តទៅចាប់ពីម៉ោង១៧:០០នាទីរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា ដែលមានស្តង់លក់អាហាររបស់ប្រទេសជាប់ទន្លេមេគង្គ៥ប្រទេស ដែលមានដូចជាប្រទេសកម្ពុជា ឥណ្ឌា ថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម ចំនួន១៨ស្តង់។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងថា ព្រឹត្តិការណ៍នេះមានគោលបំណង ដើម្បីអបអរសាទរទំនាក់ទំនងប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលចាក់ឫសយ៉ាងជ្រៅ រវាងប្រទេសឥណ្ឌា និងប្រទេស ក្នុងតំបន់មេគង្គ ដោយរំលេចនូវទំនៀមទម្លាប់ធ្វើម្ហូបរួមគ្នា និងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។

នារាត្រីថ្ងៃសៅរ៌ ទី២២ ខែមីនា លោកស្រី ជា ស៊ីណា ឃួងស្រេង បានអញ្ជើញចូលរួមក្នុងទិវាបុណ្យអាហារ ក្រោមកិច្ចសហប្រតិបត្តិការទន្លេមេគង្គ-គង្គា ដែលរៀបចំដោយស្ថានទូតសាធារណរដ្ឋឥណ្ឌា មុខវត្តឧណ្ណាលោមហើយក៏បាននាំអ្នកម្ដាយ និងកូនៗទស្សនាកំសាន្ត នៅលើផ្លូវថ្មើរជើង (Walk Street) ដោយមានការស្វាគមន៌យ៉ាងរាក់ទាក់ជិតស្និទ្ធ និងសប្បាយរីករាយជាមួយបងប្អូន ដែលមកកំសាន្តនៅទីនោះផងដែរ។

លោកស្រីអ្នកនាំពាក្យបានបន្តថា កាលពីសប្តាហ៍មុន ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ រៀបចំឱ្យមានរបាំភួងនារី (របាំបុរាណ) និងកំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹង នៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៍, បណ្ណាល័យចល័ត។ល។ ទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង ហើយបើគិតត្រឹមថ្ងៃទី២២ ខែមីនា ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេលជិត២ខែ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋមិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕