(តាកែវ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើនិយាយអំពីពិធីបុណ្យទន្លេលើកទី ៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ " គុណតម្លៃទន្លេ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ " ចាប់ផ្តើមពីម៉ោង៤ រសៀលថ្ងៃទី២២ -២៣ -២៤ ខែមីនា ឆ្នាំ២០២៥នេះ ជាលើកដំបូងនៅលើទឹកដីខេត្ដតាកែវបរមបុរាណប្រវត្ដិសាស្រ្ដដ៏ស្រស់បវរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមអំណរសាទរពីភ្ញៀវជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករ, អធិកអធមនិងសប្បាយរីករាយយ៉ាងគគ្រឹកគគ្រេង។
នេះបានបង្ហាញឲ្យឃើញថា ក្រោមម្លប់សន្ដិភាពរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ទៅដល់គុណតម្លៃនៃទន្លេខេត្ដតាកែវ ជាប្រភពធនធានធម្មជាតិទឹកសាបដ៏សំខាន់បំផុត សម្រាប់ទ្រទ្រង់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ ផ្ដល់នូវការស្រោចស្រពសម្រាប់ធ្វើស្រែចំការរបស់ប្រជាជន និងការអភិវឌ្ឍខេត្ដ ពិសេសគឺជាការឧទ្ទិសអំពីតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ,ប្រពៃណីម្ហូបអាហាររបស់អ្នកស្រុកទៅកាន់ពិភពលោកយ៉ាងរស់រវើកនិងស្រស់បំព្រង។
បើពោលឲ្យចំ ពិធីបុណ្យទន្លេខេត្ដតាកែវ ក្នុងថ្ងៃនៃរដូវក្ដៅ ខែផល្គុន គៀកនឹងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ មានបំណងដើម្បីផ្តល់នូវការកម្សាន្តសប្បាយនូវល្បែងរបាំសិល្បៈ តន្រ្ដីចម្រៀង ពិសាអាហារប្រពៃណី និងការតាំងពិព័រណ៍អាជីវកម្មស្នាដៃរបស់អ្នកស្រុកដ៏ច្រើនសន្ធឹកសន្ធាប់សំបូរបែបទៅដល់ភ្ញៀវជាតិនិងអន្ដរជាតិ។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្រោមក្រសៃភ្នែកភ្ញៀវជាតិ និងអន្ដរជាតិ យ៉ាងច្រើនកុះករនិងភាពសប្បាយរីករាយនេះផងដែរ មានការចោទសួរថា តើពិធីបុណ្យទន្លេខេត្ដតាកែវ សម្រាប់អ្នកចូលរួមបានទស្សនាអ្វីខ្លះ?
ក្នុងថ្ងៃវិសេសវិសាលដ៏ល្អឥតខ្ចោះ និងសប្បាយរីករាយនេះ សម្រាប់អ្នកចូលរួមបានទស្សនាមានដូចជា៖ ការរៀបចំតាំងពិព័រណ៍ផលិតផលជាតិ, របាំថ្វាយព្រះពរ ព្រះម៉ែគង្គា,ទស្សនីយភាពសិល្បៈទន្លេមានបុណ្យ, សិល្បៈល្ខោនយីកេ ប្រវត្ដិភ្នំបុរី,ការលេងល្បែងរបាំ, ការប្រគុំតន្រ្ដីព្រះរាជនិពន្ធរបស់សម្ដេចឪ ព្រះបរមរតនកោដ្ឋ បទផ្កាយស្នេហ៍, ការប្រគំតន្ត្រី បទស្នាមញញឹមនៃបុណ្យទន្លេ, ប្រដាល់ក្បាច់គុនខ្មែរ , ម្ហូបអាហារនិងភេសជ្ជៈ , តន្ត្រី , សិប្បកម្ម, ការបង្ហោះគោម, ការតាំងពិព័រណ៍កីឡា, ការតម្បាញផាមួង, ហូល, ក្រមា, សេរីភាពនៃការជិះកង់, កីទ្បាប៉េតង់មហាជន, កីទ្បាអុកចត្រង្គ, កីទ្បារែក, លោតមឹក, កីទ្បាបាល់ទះ, មហាជនបាល់ទាត់មិត្ដភាព,កីទ្បាប៉ារ៉ាម៉ូទ័រ, ការជិះទូកកាយ៉ាក, ការដាំដើមឈើ, សកម្មភាពគ្រួសារ និងការបាញ់កាំជ្រួចចម្រុះពណ៌ពេញវេហារ។
ស្ថិតក្នុងពិធីបុណ្យទន្លេ បានឆ្លុះបញ្ចាំងប្រពៃណីអាហាររបស់អ្នកស្រុកខេត្ដតាកែវនេះផងដែរ នាថ្ងៃនៃពិធីបុណ្យទន្លេនេះ ម្នាក់ៗដែលបានទៅទទួលទានតាមអាហារដ្ឋាននានានៃមាត់ទន្លេ មានសំនួរសួរថា តើមានបង្កងនិងពងទារបស់អ្នកស្រុកខេត្ដតាកែវទេ? អ្នកលក់ឆ្លើយថា បាទឬចា៎សមាន ! យើងអាចទទួលទានអាហារបង្កងស្ងោរ ឬអាំង ឬពងទាកូនស្ងោរតាមតម្រូវការ និងមានតម្លៃសមរម្យ យ៉ាងមានឱជារសឆ្ងាញ់! ។ ដូច្នេះពិធីបុណ្យទន្លេ ជាផ្លូវ ផ្ដល់នូវតម្លៃប្រពៃណីរបស់អ្នកស្រុកខេត្ដតាកែវ និងជាការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន ដោយចាត់ទុកវប្បធម៌ជាស្នូលនៃការអភិវឌ្ឍទេសចរណ៍សង្គម និងលើកកម្ពស់តម្លៃមរតកដ៏បរមបុរាណនៃប្រវត្តិសាស្ត្រខេត្ដតាកែវ៕