(ព្រះវិហារ)៖ ព្រះពុទ្ធឃោសានុរ័ក្ខ វិមុត្តិ សៀន គុណលាភ ជាព្រះចៅអធិការវត្ដ ព្រះបរមរាជមហាពោធិបញ្ចសហស្សារាម ហៅវត្ដពោធិ៍ ៥,០០០ដើម និងជាព្រះប្រធានមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្ដព្រះវិហារ បានមានព្រះសង្ឃដិកាថា វត្ដមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលឧត្ដមភរិយានាយករដ្ឋមន្ដ្រីកម្ពុជា និងជាស្ដ្រីដំបូង ដ៏សែនល្អ និងគំរូរបស់ស្ដ្រីខ្មែរ បានអញ្ជើញដឹកនាំដោយផ្ទាល់ក្នុងពិធីរដង្ហែនិងអានគម្ពីរ ព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ ៥០០០ក្បាល ទៅតម្កល់នៅក្នុងវត្ដអារាមនេះ គឺមានគុណសម្បត្ដិយ៉ាងធំសម្រាប់ប្រទេសជាតិយើង និងមនុស្សជាតិយើង ឱ្យដើរតាមគន្លងរបស់លោកជំទាវបណ្ឌិត ដើម្បីសិក្សារៀនសូត្រ បដិបត្ដិឱ្យត្រូវតាមគន្លងធម៌ព្រះពុទ្ធសាសនា។

«ដូច្នេះវត្ដមានដ៏ថ្លៃថា្ល និងជ្រះថ្លារបស់លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងការដឹកនាំដង្ហែ និងអានគម្ពីរ ព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរ ជាលើកដំបូងនេះរបស់លោកជំទាវ គឺប្រៀបដូចជាព្រះអាទិត្យបំភ្លឺ ឱ្យមនុស្សជាតិយើង ឱ្យដើរតាមគន្លងព្រះពុទ្ធសាសនា»។នេះជាសង្ឃដិកាបន្ថែមរបស់ព្រះពុទ្ធឃោសានុរ័ក្ខ វិមុត្តិ សៀន គុណលាភ។

ព្រះពុទ្ធឃោសានុរ័ក្ខ វិមុត្តិ សៀន គុណលាភ បានមានព្រះសង្ឃដិកាថា ការរដង្ហែព្រះត្រៃបិដក ព្រះពុទ្ធសាសនាខ្មែរនេះ ក្នុងគោលបំណង ផ្ដល់ឱកាសឱ្យពុទ្ធបរិស័ទ សិក្សា រៀនសូត្រ និងបដិបត្តិតាម អំពីពុទ្ធិ វិជ្ជា ធម៌វិន័យ និងតម្កល់ទុកជាស្នាដៃមរតក វប្បធម៌ព្រះពុទ្ធសាសនា។

សូមបញ្ជាក់ទៀត យោងតាមប្រវត្ដិសាស្ដ្រ មានតែប្រទេសកម្ពុជាតែមួយគត់ ដែលបានបកប្រែ និងបានបោះពុម្ពព្រះត្រៃបិដក ជាពីរភាសា គឺភាសាបាលី និងភាសាខ្មែរមុនគេបំផុត៕