(ភ្នំពេញ)៖ លោក ហេង ម៉េងលី ពលករ និងជាអតីតសកម្មជនគណបក្សភ្លើងទៀននៅកូរ៉េខាងត្បូង បានចេញវីដេអូ ដោយបានបញ្ជាក់ថា ការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា មិនមែនជាការលក់ក្បាល ឬលក់ឧត្ដមគតិ ដូចអ្វីដែលបក្សប្រឆាងបានចោទមកលើរូបនោះទេ។
ការចេញបកស្រាយបែបនេះ របស់លោក ហេង ម៉េងលី ដោយសារតែនៅពេលដែលលោក លាឈប់ពីគណបក្សភ្លើងទៀន មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបានគណបក្សប្រឆាំង ចោទលោកថា ជាជនលក់ក្បាល ឬលក់ឧត្ដមគតិ។
សូមជម្រាបថា កាលពីថ្មីៗនេះ លោក ហេង ម៉េងលី សកម្មជនគណបក្សភ្លើងទៀន និងជាពលករនៅប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានបញ្ជាក់ថា «ខ្ញុំបាទបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងវាយតម្លៃខ្ពស់ថា គណបក្សប្រជាជនកម្ពុជា មានឧត្តមគតិស្នេហាជាតិ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ហើយបានសម្រេចនូវសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា»។
លោក ហេង ម៉េងលី សូមគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខន្តិកៈ របស់គណបក្សប្រជាជនកម្ពុជា៕