(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥នេះ កីឡាករ កីឡាការិនី និងអ្នកចូលរួមប្រមាណ ៥០០នាក់ បានចូលរួមរត់កម្សាន្តដើម្បីអបអរសាទរ ទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលរៀបចំឡើងនៅប្រាសាទអង្គរវត្ត។
កម្មវិធីនេះ មានការចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) លោក LU Qizhi ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តសៀមរាប នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីមេគង្គ-ឡានឆាងកម្ពុជា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប។
លោក មាស គឹមហេង បានលើកឡើងថា ទិវារត់កម្សាន្តអបអរសាទរសប្ដាហ៍ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (NSC-MLC) ព្រមទាំងកម្មវិធីរាត្រីវប្បធម៌ ពិព័រណ៍រូបថត និងការប្រមូលថវិកា ដើម្បីជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជាផងដែរ។
លោកបន្តថា រៀងរាល់ឆ្នាំ NSC-MLC រៀបចំកម្មវិធីទាំងនេះឡើង ដោយមានការចូលរួមពីមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតប្រទេសមេគង្គ-ឡានឆាង ក្រសួង និងស្ថាប័នពាក់ព័ន្ធ សាធារណជន សិស្ស និងនិស្សិតជាដើម។
លោកបានបន្ថែមថា គោលបំណងសំខាន់នៃកម្មវិធីនេះ ដើម្បីប្រារព្ធខួបអបអរសាទរលើកទី៩ នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកកម្ពស់ការយល់ដឹងពីសារសំខាន់ និងឥទ្ធិពលនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការ ចំពោះសាធារណជនតាមរយៈកីឡា ជាពិសេសយុវជន និងសិស្ស។ ក្នុងនោះដែរ ដើម្បីបង្កើតការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាជំរុញកីឡាដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសមេគង្គ-ឡានឆាង។ល។
លោកសាស្រ្តាចារ្យ សុក ស៊ីផាន់ណា ក៏បានថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ ដែលបានចំណាយពេលវេលា និងធនធាន ក្នុងការចូលរួមរត់កម្សាន្ត សម្រាប់ការរៃអង្គាសថវិកាជួយ មូលនិធិគន្ធបុប្ផាកម្ពុជា។ នេះជាផ្នែកមួយសបញ្ជាក់ថា យើងកំពុងរួមចំណែក គិតគូរពីសុខុមាលភាពសង្គម និងជួយកុមារកម្ពុជាឱ្យមានសុខភាពល្អ។
លោក សុក ស៊ីផាន់ណា បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ បណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាងទទួលបាននូវគម្រោង ចំនួនជាង ៨០០ ពីមូលនិធិពិសេសមេគង្គ-ឡានឆាង ក្នុងនោះកម្ពុជាទទួលបានអត្ថប្រយោជន៍ពីមូលនិធិនេះបាន ៩៧គម្រោង ផងដែរ។
សូមបញ្ជាក់ថា កម្មវិធីរត់កម្សាន្តខាងលើនេះ រៃអង្គាសថវិកាបានចំនួន ៧,៦៨២ដុល្លារអាមេរិក ដែលប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមន្ទីរពេទ្យជ័យវរ្ម័នទី៧៕