(តាកែវ)៖ ក្រោមម្លប់សន្តិភាព! ប្រជាពលរដ្ឋបានចូលរួមបុណ្យទន្លេលើកទី៩នៅខេត្តតាកែវ។ ឆ្លៀតឱកាសនេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ ស្ថាប័នមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ក្រុមហ៊ុនទេសចរណ៍ធូរវែលដ៏ត្រាវែល ក្រុមហ៊ុនទេសចរណ៍វែលដ៏ផប ក្រុមហ៊ុនទេសចរណ៍ឆាយភល និងក្រុមហ៊ុនទឹកបរិសុទ្ធហាយតិច បានរួមគ្នាផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងApp NoDrug : https://nodrugsnacd.com/download ដើម្បីចំណេះដឹង និងចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការធ្វើផ្សព្វផ្សាយនៅធ្វើឡើងតាមរយៈការតាំងពិព៌រណ៍ រូបភាពសកម្មភាពថ្នាក់ដឹកនាំ រូបភាពផលវិបាក នៃគ្រឿងញៀន លទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ខិត្តប័ណ្ណ ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន ច្បាប់ និងវត្ថុអនុស្សារីយ៍ផ្សេងៗមាន៖ មួក ប្រតិទិន ឆ័ត្រ ផ្លិត កែវ កាបូប ចែកជូន និងបន្តផ្សព្វផ្សាយ ដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ សំដៅចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង និងសម្អាតចកពីបឹង » ដោះស្រាយកង្វល់ប្រជាពលរដ្ឋពីបញ្ហាគ្រឿងញៀន។

លោក​ ឡោ សុវិជ្ជា មន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងវិស័យទេសចរណ៍ គឺរាល់ពិធីបុណ្យសមុទ្រ និងបុណ្យទន្លេ តែងតែទទួលបានការគាំទ្រចូលរួមទស្សនា សិក្សាស្វែងយល់ពីបញ្ហាគ្រឿងញៀនច្រើនកុះករ ដើម្បីទទួលបានចំណេះដឹងបន្ថែមកាន់តែច្បាស់ពីបញ្ហាគ្រឿងញៀន។

ថ្លែងក្នុងនាមជាដៃគូ, លោក សុខ វឿន ប្រធាននាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានថ្លែងថា​ ការចូលរួមរបស់វិស័យឯកជនជួយសង្គម ពិសេសការចូលរួមជួយ ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការសំខាន់ចាំបាច់ណាស់ ព្រោះថាបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់យើងទាំងអស់គ្នា ហើយជាដើមចមនាំឱ្យសហគមន៍គ្មានសុវត្ថិភាព មិនអាចអភិវឌ្ឍបានទេ ហើយគ្រប់សមាសភាពគួរបន្តរួមគ្នាជួយឧបត្ថម្ភបន្តទៀត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង​ថា បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ ”គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ”​ នៅខេត្តតាកែវ ពីថ្ងៃទី​២១-២៣ ខែមីនា ឆ្នាំ២០២៤ មានថ្នាក់ដឹកនាំកំពូលរបស់ជាតិ និងសាធារណជនបានចូលរួមយ៉ាងច្រើនកុះករ ពិសេសក្រុមយុវជន យុវនារី បានចូលទស្សនាសិក្សាស្វែងយល់ ឆ្លើយសំណួរ សួរសំណួរ និងទទួលយកឯកសារសម្រាប់ផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រឡាញ់ «សមាជិកផ្ទះអ្នក ផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិយើងនឹងគ្មានគ្រឿងញៀន»។

ឧត្តមសេនីយ៍ឯក​ លឹម​ តុងហួត បានបន្ត​ថា វត្តមានសម្តេចធិបតី និងថ្នាក់ដឹកនាំក្រសួង​ ស្ថាប័ន​ ខេត្ត បានចូលមកទស្សនានូវស្តង់តាំងពិព័រណ៍នេះ​ ដែលជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុតធ្វើឱ្យសម្រេចបាននូវឆន្ទៈមុះមុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់នីតិកាលទី៧ ដែលគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចាត់ទុកបញ្ហាគ្រឿងញៀនគឺជាបញ្ហារួម ដែលត្រូវចូលរួមទប់ស្កាត់លុបបំបាត់និងប្រយុទ្ធប្រឆាំងទាំងអស់គ្នា។ ចាប់ផ្តើមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត ទាំងអស់ ក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាស រហូតដល់សមាជិកគ្រួសារ ធ្វើការអប់រំក្រើនរំលឹកពីផលប៉ះពាល់វិនាសកម្មនៃគ្រឿងញៀន និងមានវិធានម៉ឺងម៉ាត់ និងតឹងរឹងបំផុតចំពោះការប្រើប្រាស់គ្រឿងញៀន បន្តចូលរួមជំរុញនិងប្រើប្រាស់ App NoDrug ដើម្បីទទួលសារអប់រំ ព័ត៌មានមេរៀននិងរាយការណ៍ហើយអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយបង្ក្រាបទាន់ពេល រាល់ករណីពលរដ្ឋរាយការណ៍ពីករណីគ្រឿងញៀនតាម App NoDrug ដើម្បីបង្កើនទំនុកចិត្តពីសំណាក់ពលរដ្ឋមកលើសមត្ថកិច្ច។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍ មាស វវិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានថ្លែងអំណរគុណក្រសួងទេសចរណ៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី ខេមបូឌា ភីអិលស៊ី (LOLC) ក្រុមហ៊ុនទេសចរណ៍ធូរវែលដ៏ត្រាវែល ក្រុមហ៊ុនទេសចរណ៍វែលដ៏ផប ក្រុមហ៊ុនទេសចរណ៍ឆាយភល និងក្រុមហ៊ុនទឹកបរិសុទ្ធហាយតិច ដែលបានបន្តចូលរួមជួយឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំបង្ការ ទប់ស្កាត់ ដែលជាការងារពហុវិស័យ​ត្រូវការការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានប្រជាពលរដ្ឋ និងវិស័យឯកជន រួមគ្នាធ្វើសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍជូនប្រជាពលរដ្ឋ ដើម្បីអនាគតកូនចៅយើង៕