(ភ្នំពេញ)៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ព្រះស្រីឦសានវរ្ម័ន (សារមន្ទីរ ស.ស.រ) កំពុងរៀបចំពិព័រណ៍មួយ ដែលមានចំណងជើងថា ទីក្រុងតូក្យូ អតីតកាល/បច្ចុប្បន្ន ជាពិព័រណ៍រូបថតដែលបង្ហាញជូនដោយមូលនិធិជប៉ុន និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

ពិព័រណ៌ដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិនេះ ត្រូវបានតាំងបង្ហាញក្នុងប្រទេសចំនួនជាង១០ តាំងពីឆ្នាំ២០១៨មក ជាពិព័រណ៍ដែលបង្ហាញអំពីរូបភាពល្អឯក រៀបរាប់អំពីការផ្លាស់ប្តូរមុខមាត់ទីក្រុងតូក្យូទៅតាមកាលវេលា។

ពិធីសម្ពោធនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ខែមីនា ក្រោមអធិបតីភាពលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងនៃធនាគារជាតិនៃកម្ពុជា ជាតំណាងរបស់លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសមកពីវិស័យវប្បធម៌ និងការទូត។

ដោយបង្ហាញស្នាដៃប្រមាណជាង៨០ របស់អ្នកថតរូបជនជាតិជប៉ុន ពិព័រណ៍រូបថត «ទីក្រុងតូក្យូ អតីតកាល/បច្ចុប្បន្ន» រៀបចំដាក់តាំងបង្ហាញជាប់ៗគ្នានូវរូបភាពប្រវត្តិសាស្ត្រពីទសវត្សរ៍ឆ្នាំ១៩៣០ និងឆ្នាំ១៩៤០ ជាមួយនឹងរូបភាពសហសម័យ ដែលត្រូវបានថតក្រោយឆ្នាំ២០១០ ដោយឆ្លុះបញ្ចាំងអំពីការវិវត្តរបស់សង្គម សេដ្ឋកិច្ច និងស្ថាបត្យកម្មទីក្រុង។

តាមរយៈវិធីសាស្រ្ត «មុន និងក្រោយ» ដ៏គួរឱ្យចាប់អារម្មណ៍ ពិព័រណ៍បង្ហាញអំពីការផ្លាស់ប្តូរនៃទេសភាពទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅក្នុងទីក្រុង ដោយផ្ដិតយកនូវរូបភាពនៃការច្នៃប្រឌិតបង្កើតឡើងវិញជាបន្តបន្ទាប់របស់ទីក្រុងតូក្យូ ក្នុងនាមជាមហាទីក្រុងពិភពលោកមួយ។

តាមរយៈការឆ្លុះបញ្ចាំងពីការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ទីក្រុងតូក្យូ ពិព័រណ៍នេះក៏អញ្ជើញអ្នកទស្សនាឱ្យពិចារណាលើប្រធានបទទូលំទូលាយនៃទំនើបកម្ម និងបរិវត្តកម្មទីក្រុង ដោយប្រៀបធៀបជាមួយនឹងថាមវន្តទីក្រុងផ្សេងទៀតនៅជុំវិញពិភពលោក។ ការរៀបចំឡើងនេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើមវប្បធម៌របស់មូលនិធិជប៉ុន ពិព័រណ៍រូបថត «ទីក្រុងតូក្យូ អតីតកាល/បច្ចុប្បន្ន» គឺជាពិព័រណ៍មួយក្នុងចំណោម ពិព័រណ៍ចំនួន១៥ ដែលបច្ចុប្បន្នកំពុងដាក់តាំងនៅទូទាំងពិភពលោក៕