(កំពត)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ចុះសំណេះសំណាល និងសម្រាលការលំបាក ដល់លោកតា លោកយាយ ស្ត្រីមេម៉ាយមានកូនច្រើន ជនមានពិការភាពគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍នៅតាមខ្នងផ្ទះសរុបចំនួន២០គ្រួសារ រស់នៅក្នុងឃុំបឹងនិមល ស្រុកឈូក និងឃុំអង្គរមាស ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ។
នៅក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ ក្រៅពីបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករឭកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកស្រីក៏បានបញ្ជាក់ថា «ការចុះមកដល់ខ្នងផ្ទះនេះគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ថ្មីបន្ថែមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលណែនាំឱ្យសហការីធ្វើយ៉ាងណានាំយកអំណោយទៅចែកជូនដោយផ្ទាល់ដៃទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋងាយរងគ្រោះបំផុតតែម្ដង»។
លោកស្រីបានបន្តទៀតថា ចំពោះការនាំយកអំណោយមកនេះដែរ គឺជាការលើកទឹកចិត្តនិងបញ្ជាក់ថាពួកគាត់មិននៅឯកោដែលត្រូវបានទុកចោលដោយមិនមានការយកចិត្តទុកដាក់នោះទេ ជាងនេះទៅទៀតការចុះតាមខ្នងផ្ទះនេះដែរ ក៏ដើម្បីបានដឹងពីស្ថានភាពជីវភាពនិងការរស់នៅកាន់តែច្បាស់បន្ថែមទៀត ព្រមទាំងបញ្ជ្រាបការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុខភាពនិងអនាម័យផ្ទាល់ខ្លួន តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ក៏ដូចជាទុកដាក់សំរាមបានត្រឹមត្រូវ និងមិនដុតសំរាមពាសវាលពាសកាលជាពិសេសប្លាស្ទិកជាដើមដែលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពនិងបំពុលបរិស្ថានជាដើម។
ទន្ទឹមនឹងនេះលោកស្រី បានផ្តាំផ្ញើដល់គ្រួសារដែលមានជំងឺត្រូវថែរក្សាសុខភាព ញាំថ្នាំឱ្យបានទៀងទាត់តាមការណែនាំឱ្យរបស់គ្រូពេទ្យ។ ដោយឡែកគ្រួសារដែលមានកូនតូចលោកស្រីបានលើកទឹកចិត្តឱ្យអាណាព្យាបាលត្រូវបញ្ជូនកូនទៅសាលារៀនឱ្យបានគ្រប់គ្នា ជាពិសេសរៀននូវជំនាញវិជ្ជាជីវៈដើម្បីអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យមានភាពល្អប្រសើរបាន។
ជាមួយគ្នានេះ គ្រួសារដែលទទួលផលទាំងអស់សម្តែងក្តីរំភើបយ៉ាងក្រៃលែង និងគោរពថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានចាត់ក្រុមការងារនាំយកអំណោយជួយសម្រាលការលំបាករបស់ពួកគាត់នាឱកាសនេះ និងសូមគោរពជូនពរសម្តេច និងក្រុមការងារជួបប្រទះតែសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងសូមជួបតែពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា អំណោយផ្តល់ជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអុីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕