(ភ្នំពេញ)៖ វេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្តីពី «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ត្រូវបានធ្វើឡើងក្រោមប្រធានបទ៖ «ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី»។
វេទិកានេះ ត្រូវបានរៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីនៅថ្ងៃទី២៤-២៧ ខែមីនា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ និងសៀមរាប។ ពិធីបើកវេទិកាបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។
វេទិកានេះរៀបចំដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជា, លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាលជាន់ខ្ពស់, បសវសច, វិទ្យាស្ថានអភិវឌ្ឍន៍ជនបទ, ប.ស.វ.ស.ច, បណ្ឌិតសភាយុទ្ធសាស្ត្រសេដ្ឋកិច្ចជាតិ, ប.ស.វ.ស.ច។
ពិធីបើកវេទិកានេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកសាស្រ្តាចារ្យបណ្ឌិត ចេន ចាន់មីន (Zhen Zhanmin) អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន, លោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ និងជាតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បញ្ញវន្ត ជាច្រើនរូបទៀត។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា-ចិន។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ និងទាំងក្នុងនិងក្រៅតំបន់។
លោកបណ្ឌិតបានលើកឡើងថា៖ «ខណៈពេលដែលយើងកំពុងរៀបចំវេទិកាកម្រិតខ្ពស់ក្រោមប្រធានបទ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការប្រែក្លាយគំនិតដែលជាចក្ខុវិស័យទៅជាយុទ្ធសាស្ត្រជាក់ស្តែងដែលអាចអនុវត្តបាន ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមយើង និងរួមចំណែកដល់ស្ថិរភាពតំបន់និងពិភពលោក។ វេទិកានេះដើរតួនាទីលើសពី កិច្ចការគរុសភា តែវាគឺជាធាតុផ្សំដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង»។
លោកបណ្ឌិត បាននៅខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសកម្ពុជា និងចិនបានព្រមព្រៀងគ្នាបង្កើត «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ« ដែលមានវិស័យអាទិភាពចំនួនប្រាំមួយ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ សមត្ថភាពផលិតកម្ម និងគុណភាពកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ កម្ពុជា និងចិន គ្រោងនឹងពិនិត្យមើលការអភិវឌ្ឍ «របៀងឧស្សាហកម្ម និងបច្ចេកវិជ្ជា» ដើម្បីគាំទ្រការប្រែក្លាយឆ្នេរសមុទ្រខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុគោលបំណងគំរូដែលដូចគ្នាទៅនឹង «ទីក្រុង Shenzhen ទីពីរ»។
ទន្ទឹមនឹងនោះ កម្ពុជា និងចិនបានព្រមព្រៀងគ្នាក្នុងការស្វែងយល់ពីការបង្កើត «របៀងត្រី និងស្រូវ» ដែលផ្តោតលើភាគពាយ័ព្យនៃប្រទេសកម្ពុជា និងតំបន់បឹងទន្លេសាប និងដើម្បីអភិវឌ្ឍកសិកម្មបែបអេកូឡូស៊ីទំនើបនៅជិតបឹង ដើម្បីពន្លឿនការធ្វើផែនការអភិវឌ្ឍន៍កសិកម្មទំនើបរបស់កម្ពុជា និងស្វែងយល់កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឌីជីថល។ និងគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវវារីវប្បកម្ម ការដាំដំណាំត្រូពិក និងវិស័យប្រកួតប្រជែងផ្សេងទៀត។
កម្ពុជា និងចិនបានព្រមព្រៀងគ្នាក្នុងការពង្រឹងសហថាមពលរវាងគំនិតផ្តួចផ្តើមក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពន្លឿនការបង្កើតផែនការសហប្រតិបត្តិការសម្រាប់របៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជំរុញការរៀបចំផែនការបឋម និងការរចនាផ្លូវដែកកម្ពុជា-ចិន និងបង្កើតឱ្យចេញជារូបរាងនូវមជ្ឈមណ្ឌលបង្ហាញកសិកម្មចិន និងគម្រោងការប្រមូលផលដំបូងផ្សេងទៀតនៃរបៀងត្រី និងស្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា។ ប្រទេសទាំងពីរនឹងធានានូវការអនុវត្តប្រកបដោយគុណភាពខ្ពស់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជំរុញការនាំចូលកសិផលកម្ពុជាទៅកាន់ប្រទេសចិន និងលើកទឹកចិត្តឱ្យធុរកិច្ចចិនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា។
ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកតាមរយៈការយល់ឃើញត្រឹមត្រូវ ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរយៈពេលយូរអង្វែងរវាងកម្ពុជា និងចិន ព្រមទាំងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹង និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននិងរវាងប្រទេសទាំងពីរ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (វទអក) នៃ រ.ប.ស.ក និងវិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្ត្រសាកលនៃ ប.ស.វ.ស.ច ដែលបច្ចុប្បន្នជាលេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាលជាន់ខ្ពស់នៃ ប.ស.វ.ស.ច បានផ្តួចផ្តើមគំនិតរៀបចំវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិននេះឡើង នាឆ្នាំ២០១៩ ដែលជាវេទិកាបណ្ឌិតសភាដ៏មានកិត្យានុភាពសម្រាប់អ្នកជំនាញ និងអ្នកប្រាជ្ញមកពីកម្ពុជា និងចិន ដើម្បីចែករំលែកគំនិត និងការយល់ដឹងរបស់ពួកគេ។
វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិននេះ ត្រូវបានប្រារព្ធឡើងដោយជោគជ័យចំនួនបីដងរួចមកហើយ រួមមាន លើកទី១ នៅឆ្នាំ២០១៩ លើកទី២ នៅឆ្នាំ២០២១ និងលើកទី៣ នៅឆ្នាំ២០២៣៕