(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកគណបក្សត្រូវបុរេសកម្មក្នុងការប្រតិកម្ម ប្រឆំាងតបទល់ទៅពួកប្រឆំាងជ្រុលនិយម ដែលប៉ុនប៉ងមួលបង្កាច់ ប្រឆំាងថ្នាក់ដឹកនាំ បំផ្លាញសមិទ្ធផលជាតិ បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យក្រុមនោះបង្ករវិនាសកម្ម នាំប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមនិងទុក្ខវេទនាជាថ្មីម្តងទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានលើកឡើងពីគោលការណ៍លើកកម្ពស់សមភាពយេនឌ័ររបស់គណបក្សប្រជាជនកម្ពុជា ដែលបានអនុវត្តតំាងពី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩មកម្លេះ ពោលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតែងតែលើកកម្ពស់តម្លៃនិងសិទ្ធិរបស់ស្រ្តី។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ជួយស្រ្តីដូចជាខ្លួនឯង។ ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់ ដល់ការលើកកម្ពស់សិទ្ធិ និងសមភាពស្រ្តី ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១។ សម្តេចធិបតី ក៏បានមានប្រសាសន៍ផងដែរថា «ពិភពលោកនឹងកាន់តែមានសុវត្ថិភាព ស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្រ្តីក្លាយជាអ្នកដឹកនាំកាន់តែច្រើននិងថាស្រ្តីជាបេះដូងរបស់គ្រួសារនិងជាវិចារណញ្ញាណប្រទេសជាតិ»។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ក្នុងនាមជាសមាជិកគណបក្សត្រូវបុរេសកម្មក្នុងការប្រតិកម្ម ប្រឆំាងតបទល់ទៅពួកប្រឆំាងជ្រុលនិយម ដែលប៉ុនប៉ងមួលបង្កាច់ ប្រឆំាងថ្នាក់ដឹកនាំ បំផ្លាញសមិទ្ធផលជាតិ បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គម ឱ្យបានទាន់ពេលវេលា ធ្វើយ៉ាងណាកុំឱ្យក្រុមនោះបង្ករវិនាសកម្ម នាំប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមនិងទុក្ខវេទនាជាថ្មីម្តងទៀត។

សម្តចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងសមាជិក ក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែក ដែលត្រូវបានប្រកាសសមាសភាពក្នុងឱកាសនេះ បន្តនូវវប្បធម៌សាមគ្គី បន្តខិតខំកសាងបក្សនិងបង្កើនកម្លំាងគំាទ្របក្សស្របតាមគោលការណ៍រក្សាចាស់ បង្កើនថ្មី។ គោរពប្រតិបត្តិឱ្យបានទៀតទាត់និងជាប្រចាំនូវរបបធ្វើការងាររបស់គណបក្សដែលរួមមាន របបប្រជុំ របបចុះមូលដ្ឋាន របបរៀនសូត្រ របបត្រួតពិនិត្យ និងរបបរាយការណ៍សុំយោបល់និងត្រូវមានរបៀបររបបធ្វើការឱ្យបានលឿន ឱ្យលះ បើស្ទះសុំគោលការណ៍ថ្នាក់ដឹកនាំ ដោយធ្វើយ៉ាងណាត្រូវរក្សាភាពឈ្នះរបស់គណបក្ស នាំជ័យជម្នះថ្មីៗបន្ថែមទៀតជូនគណបក្សពិសេសការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៨ ខាងមុខនេះ៕