(ភ្នំពេញ)៖ ព្រះសង្ឃតាមបណ្តាវត្តនានានៅលើទឹកដីខ្មែរក្រោម បានបង្ហាញទឹកព្រះទ័យត្រេកអរក្រៃលែង ក្រោយពីបានទទួលព្រះត្រៃបិដក និងវចនានុក្រមខ្មែរជាអំណោយដ៏វិសេសវិសាលរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ព្រះសង្ឃតាមបណ្តាវត្តនៅខ្មែរ បានហៅការប្រគេនព្រះត្រៃបិដក និងវចនានុក្រមពីថ្នាក់ដឹកនាំកម្ពុជា គឺជារឿងកម្រមិនធ្លាប់មាននោះទេ ហើយការប្រគេននេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការរក្សាគ្រឹះនៃ ព្រះពុទ្ធសាសនា នឹង អក្សរសាស្ត្រខ្មែរលើទឹកដីខ្មែរក្រោម។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនព្រះត្រៃបិដកចំនួន ១៥ឈុត ស្មើនឹង ១,៦៥០ក្បាល និងវចនានុក្រមចំនួន ២៨៦ក្បាល ដល់វត្តនានានៅទឹកដីខ្មែរក្រោម។ ព្រះត្រៃបិដក និងវចនានុក្រមនេះ ត្រូវបានលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងសហការី បានទៅកាន់ទឹកដីខ្មែរក្រោមកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់ពីដឹកទៅដល់ទឹកដីខ្មែរក្រោមហើយនោះ ព្រះត្រៃបិដក និងវចនានុក្រមខ្មែរ ត្រូវបានតម្កល់ទុកជូនព្រះមន្ត្រីសង្ឃ និងអាជ្ញាធរវៀតណាម ពិនិត្យ និងបោះត្រាទទួលស្គាល់ ទើបយកទៅប្រគេនតាមទីអារាមនានា។
បើតាមលោក សាន សាង ដែលជាអ្នកមានកំណើតលើទឹកដីខ្មែរក្រោមដែរនោះ បានឱ្យដឹងថា ព្រះត្រៃបិដកនិងវចនានុក្រមដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងត្រូវប្រគេនទៅសាលាគណចំនួន១៥ នៃខេត្តចំនួន១៥លើទឹកដីខ្មែរក្រោម។
មកដល់ពេលនេះ លោក សាន សាង បាននាំយកព្រះត្រៃបិដក និងវចនានុក្រម ទៅប្រគេនដល់ដល់សាលាគណ ក៏ដូចជាវត្តចំនួន៧រួចហើយ។ វត្តដែលបានប្រគេននោះរួមមាន៖ វត្តពោធិសាលរាជ ហៅវត្តកំពង់ ស្ថិតនៅក្រុងត្រាវិញ, វត្តសង្ឃមង្គល ហៅវត្តកំពង់រលីង ស្ថិតក្នុងខេត្តលង់ហោរ, វត្តឃ្លាំង ស្ថិតនៅស្រុកត្រាំង ខេត្តឃ្លាំង, វត្តខេមរប្បភា ហៅវត្ត៩០០០ ស្ថិតនៅខេត្តហូវយ៉ាង, វត្តមុនីរង្សី ស្ថិតនៅខេត្តព្រែកឫស្សី, វិជ្ជាស្ថានពុទ្ធសាសនាខ្មែរ ស្ថិតនៅខេត្តព្រែកឫស្សី និងប្រគេនដល់សាលាគណ នៅខេត្តបារាជ (អាងយ៉ាង)។
ការដង្ហែព្រះត្រៃបិដក និងវចនានុក្រមខ្មែរទៅកាន់ទីអារាមនៅលើទឹកដីខ្មែរក្រោមធ្លាប់មានផងដែរនាពេលកន្លងទៅ តាមរយៈព្រះសង្ឃ ក៏ដូចជាប្រជាពុទ្ធបរិស័ទនៅកម្ពុជា។ ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំរបស់កម្ពុជា គឺមិនធ្លាប់មាននោះឡើយ។
ព្រះសង្ឃជាមេគណខេត្ត ក៏ដូចជាព្រះចៅអធិការវត្តនានានៅខ្មែរក្រោម បានចាត់ទុកព្រះត្រៃបិដក និងវចនានុក្រមអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាធម្មទានដ៏វិសេសវិសាលបំផុត និងរាប់ថាជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររមួយផងដែរ។
ព្រះសង្ឃជាមេគណខេត្ត ក៏ដូចជាព្រះចៅអធិការវត្តនានានៅខ្មែរក្រោម បានហៅព្រះត្រៃបិដក និងវចនានុក្រមទាំងនេះ ជាចំណែកដ៏សំខាន់ជួយដល់ការថែរក្សាពុទ្ធសាសនា នឹង អក្សរសាស្ត្រខ្មែរដែលជាមរតកដូនតាខ្មែរលើទឹកដីខ្មែរក្រោមឱ្យគង់វង្សជានិច្ចនិរន្តរ៍។ ព្រះសង្ឃជាមេគណខេត្ត ក៏ដូចជាព្រះចៅអធិការវត្តនានានៅខ្មែរក្រោម បានមានសង្ឃដីកាថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមេដឹកនាំខ្មែរដំបូងគេ ដែលបានយកចិត្តទុកដាក់ដល់ការថែរក្សាអក្សរសាស្ត្រ វប្បធម៌ ប្រពៃណីខ្មែរនៅលើទឹកដីខ្មែរក្រោម។
តាមរយៈលោក សាន សាង ជាទីប្រឹក្សា, ថ្នាក់ដឹកនាំនៅតាមសាលាគណ និងវត្តនានានៅលើទឹកដីខ្មែរក្រោម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានយកចិត្តទុកដាក់ដល់ទីអារាម ដល់ព្រះសង្ឃ អក្សរសាស្ត្រ វប្បធម៌ ប្រពៃណីខ្មែរនៅខ្មែរក្រោម មិនឱ្យរងា ហើយសង្ឃឹមថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងនៅតែបន្តផ្តល់ភាពកក់ក្តៅដល់ព្រះសង្ឃ និងទីអារាមនៅខ្មែរក្រោម ដែលតែងនឹករលឹក និងការយកអាសាដ៏ចាំបាច់ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕