(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា Cambodia International Film Festival នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
នេះគឺជាឆ្នាំទី២ហើយ ដែលលោករដ្ឋមន្ដ្រី ផ្ដល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើកកម្មវិធីដ៏មានសារៈសំខាន់នេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជីវភាពប្រជាជននៅតាមដងទន្លេមេគង្គ។
កម្មវិធីព្រឹកនេះ បានចាក់បញ្ចាំងជូននូវវីដេអូចំនួន២ ដែលក្នុងនោះមួយជាវីដេអូផលិតដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ និងមួយទៀត ជាវីដេអូផលិតដោយអង្គការសត្វព្រៃនិងរុក្ខជាតិ អំពីជោគជ័យនៃការអភិរក្សសត្វក្រពើភ្នំនៅកម្ពុជា។
នាឱកាសនោះ លោក Cedric Eloy ប្រធានមហោស្រព CIFF បានលើកថាព្រឹត្តិការណ៍ ជាព្រឹតិ្តការណ៍សំខាន់ប្រចាំឆ្នាំនេះ បើកចំហសម្រាប់ការចែករំលែកជំនាញជាមួយគ្នា និងជាមួយអ្នកជំនាន់ក្រោយផងដែរ។ លោកបានបន្តថា កម្មវិធីនេះផងដែរ គឺដើម្បីបង្ហាញពីសកម្មភាពនានា នៃការចូលរួមការពារធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនោះយើងគិតគូរសំខាន់ខ្លាំងបំផុតគឺ ទឹក ពីព្រោះទឹកពិតជាចាំបាច់ណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស។
ទន្ទឹមនឹងនេះ លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា បានលើកឡើងថា អង្គការសហប្រជាជាតិ បានសហការយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា អង្គការដៃគូផ្សេងៗ និងសហគមន៍មូលដ្ឋាន ដើម្បីការពារនូវជីវចម្រុះដ៏សម្បូរបែបនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពង្រឹងភាពធន់តំបន់ធម្មជាតិ ក្នុងគោលបំណងធានានូវការអន្តរាគមន៍ករណីមានការបំពានលើសត្វព្រៃ និងធនធានធម្មជាតិនៅតាមបណ្ដោយដងទន្លេមេគង្គ។
លោកស្រី បានបន្ថែមថា ការណ៍នេះគឺដើម្បីកាត់បន្ថយការបំពុលនានា ជាពិសេសជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន ដែលពឹងផ្អែកទៅលើធម្មជាតិទាំងអស់នោះ ខណៈដែលប្រទេសកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីសម្បូរបែបរបស់ខ្លួននៅក្នុងទឹក។
បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី កម្ពុជាមានធនធានធម្មជាតិយ៉ាងសំបូរបែប ដែលយើងជាខ្មែរត្រូវចូលរួមផ្សព្វផ្សាយឱ្យពិភពលោកបានដឹង បានយល់ ជាពិសេសអំពីការខិតខំប្រឹងប្រែងកន្លងមករបស់ក្រសួងនិងអង្គការដៃគូលើការងារនេះ។
លោកបានសង្កត់បញ្ជាក់ថា ការសហការល្អធ្វើការជាមួយគ្នាទាំងរដ្ឋ, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធគឺចាំបាច់ណាស់ ដើម្បីទទួលបានប្រសិទ្ធភាពការងារខ្ពស់ ក្នុងការធ្វើឱ្យមានតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស ដើម្បីនិរន្តរភាពធនធានធម្មជាតិរបស់យើង។
ទន្ទឹមនឹងនេះដែរ លោក ឌិត ទីណា ក៏បានបង្ហាញពីសុទិដ្ឋិនិយមនិងស្វាគមន៍ចំពោះភាពរីកចម្រើន ការកើនឡើងនៃសត្វផ្សោតដែលជារតនសម្បត្តិជាតិ ព្រមទាំងធនធានជលផលដទៃទៀតនៅកម្ពុជាផងដែរ៕