(ភ្នំពេញ)៖ បើទោះបីជួបឧបសគ្គលើការគោរពប្រណិប័តន៍វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់យ៉ាងណាក្តី តែពលរដ្ឋខ្មែរក្រោមនៅតែបន្តប្រឹង​ប្រែងថែរក្សា​វប្ប​ធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ដូនតារហូតដល់ពេលបច្ចុប្បន្ន។

ជាក់​ស្តែងកាលពីថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ព្រះតេជគុណ ថាច់ ញឹក ព្រះចៅអធិការវត្តស្វាយសៀមថ្មី ព្រមទាំងបងប្អូន បានរៀបចំពិធីបុណ្យចម្រើនជន្មាយុជូនញ៉ោមស្រី មហាឧបាសិកា ថាច់ ធី សយ គម្រប់៨០ឆ្នាំ។

បុណ្យចម្រើនជន្មាយុ ជាបុណ្យកត្តញ្ញូមួយក្នុងសង្គមខ្មែរ ដែលកូនចៅតែង​ធ្វើ​​ជូនអ្នកមានគុណ ដើម្បីជាកិច្ចតបស្នងនូវគុណូបការៈ​ទាំងឡាយចំពោះ​អ្នក​​​មាន​គុណរួមមានជីដូនជីតា ឪពុកម្តាយ គ្រូ និងចាស់ព្រឹទ្ធាចារ្យជាដើម។

ក្នុងពិធីបុណ្យចម្រើនជន្មាយុដែលធ្វើឡើងនៅភូមិ​ពាមបួន​ ឃុំង៉ៃសៀង​ ស្រុក​ ថ្កូវ​ ខេត្ត​ព្រះត្រពាំង​ ខ្មែរកម្ពុជា​ក្រោមនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមថវិកាចំនួន២ពាន់ដុល្លារផងដែរ។ ថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោក សាន សាង ទីប្រឹក្សាសម្តេចតេជោ យកទៅចូលរួមដោយផ្ទាល់ក្នុងពិធីបុណ្យនោះ។

​ព្រះតេជគុណ ថាច់ ញឹក បានថ្លែងអំណរគុណសម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលតែងតែនឹករលឹកដល់ពលរដ្ឋខ្មែរក្រោម ហើយតែងតែផ្សារ​ភ្ជាប់ជីវភាពជាមួយពលរដ្ឋខ្មែរក្រោមជាហូរហែ។ សម្រាប់ព្រះតេជគុណ ថាច់ ញឹក, កាយវិការរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ស្តែង​ឱ្យឃើញច្បាស់នូវសមានចិត្ត និងទឹកចិត្តដ៏វិសេសវិសាលចំពោះ​ខ្មែរ​ក្រោម៕