(បាត់ដំបង)៖ មន្ត្រីជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញថា រោងចក្រកែច្នៃផ្លែឈើមួយនៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ហូរកាកសំណល់រាវចូលទឹកសាធារណៈបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ការរកឃើញនេះ គឺផ្ទុយពីរបាយការណ៍របស់លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង ដែលអះអាងថា រោងចក្រនេះមិនបង្ហូរកាកសំណល់រាវចូលទឹកសាធារណៈនោះឡើយ ហើយថែមទាំងស្តីបន្ទោសថា ការផ្សាយលើបណ្តាញសង្គមមិនត្រឹមត្រូវទៀត មានចរិតបំភ្លៃញុះញង់។
រោងចក្រកែច្នៃផ្លែឈើរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌីនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានរាយការណ៍ថា លួចបង្ហូរកាកសំណល់រាវមានសារធាតុពុលចូលទឹកសាធារណៈបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
ឆ្លើយតបការផ្សាយ និងរបាយការណ៍នេះ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានអះអាងថា ជារឿងមិនពិតនោះឡើយ។ របាយការណ៍របស់លោកប្រធានមន្ទីរនាថ្ងៃទី២១ ខែមីនា បានបញ្ជាក់យ៉ាងដូច្នេះ « យោងតាមការពិនិត្យជាក់ស្ដែងរបស់ក្រុមការងារលើគុណភាពទឹកអូរត្រែង ស្ថិតនៅ ភូមិតាគ្រក់ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អាចសន្និដ្ឋានបានថា ពុំមានករណីបំពុលទឹកកើតឡើង ដូចករណីបណ្តាញសង្គមបានចុះផ្សាយនោះទេ។ ព្រោះតាមការសង្កេត និងពិនិត្យផ្ទាល់របស់ក្រុមការងារឃើញថា ពុំមានស្លាកស្នាមនៃការលេចធ្លាយ ឬលួចបង្ហូរសំណល់រាវចូលក្នុងអូរត្រែងទេ។ សភាពពណ៌ទឹកដលមើល តាមកាមេរ៉ា គឺមានពណ៌ខ្មៅឆ្លុះដល់បាតដី ជាទឹកថ្លាអាចប្រើប្រាស់បានធម្មតា និងគ្មានត្រីពុល ឬងាប់ឡើយ។ ចំពោះចំណុចទីតាំងស្ពានស្ថិតនៅផ្នែកខាងក្រោមខ្សែទឹកនៃសហគ្រាស ដែលជាទីតាំងក្នុងបណ្ដាញសង្គម បានរាយការណ៍ ក៏មានសភាពថ្លាឆ្លុះមើលឃើញដល់បាតដី ហើយមិនមានការបំពុល ឬត្រីងាប់ ដូចការលើកឡើងពីបណ្ដាញសង្គមឡើយ»។
របាយការណ៍បន្ថែមថា «យើងអាចវាយតម្លៃថា ការចុះផ្សាយនេះមានចរឹកបំភ្លៃ គ្មានមូលដ្ឋានច្បាស់លាស់ ដែលបង្កឱ្យ មានការយល់ច្រឡំពីសាធារណជន»។
ដោយមិនឯកភាពលើរបាយការណ៍របស់ប្រធានមន្ទីរ, លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានចាត់មន្ត្រីជំនាញរបស់ក្រសួង ឱ្យចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់បន្ថែម។
ក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលស្រុករតនមណ្ឌល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។
ក្រុមការងារបានចុះដល់មូលដ្ឋានភូមិចំនួន៦ នៃឃុំត្រែង រួមមាន ភូមិតាគ្រក់ ភូមិស្វាយស ភូមិជីសាង ភូមិរការភឹង ភូមិទួល និង ភូមិភ្ជាវ តាមបណ្ដោយខ្សែទឹកខាងក្រោមរបស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី។ ប្រជាជនរស់នៅភូមិចំនួន២ គឺភូមិតាគ្រក់ ភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ ព្រោះថាទឹកអូរត្រែងនេះ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ សម្រាប់ស្រោចស្រពដំណាំ និងចិញ្ចឹមសត្វ។ ដោយឡែកនៅភូមិជីសាង ពុំទាន់មានករណីបំពុលទឹកអូរនៅឡើយ។
នៅក្នុងថ្ងៃដដែល ក្រុមការងារបានបន្ដតាមដានតាមខ្សែបណ្ដោយអូរត្រែង បានរកឃើញថា សំណល់រាវបានហូរមកដល់ចំណុចដីឯកជន មួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹកមកវិភាគបន្ថែម។ នៅត្រង់ចំណុចនេះ ក្រុមកាងារ បានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់។ ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមថា តំបន់ទឹកសាធារណៈនៅកន្លែងនេះ មានវត្តមានប្រភេទសត្វផេប្រហែល១០ក្បាល។
សូមបញ្ជាក់ថានៅផ្នែកខាងក្រៅរោងចក្រ ក្រុមការងារបានរកឃើញករណីមួយចំនួនទៀត ដែលរោងចក្រខាងលើមានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវ។ ដោយឡែកក្នុងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន និងបន្តចូលនៅក្នុងមូលដ្ឋានរោងចក្រ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រផងដែរ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។
លោក អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់កម្ពុជា។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺ ភាពស្អាត ដែលមានយុទ្ធសាស្រ្តអាទិភាព៣ គឺភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់ ហើយការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ សំដៅភាពឈ្នះឈ្នះ ទាំងអស់គ្នា ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យ នៃការវិនិយោគជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕