(ភ្នំពេញ)៖ នៅល្ងាចថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញពិសាអាហារស្រាយបួសជាមួយ​បងប្អូន​ខ្មែរ-ឥស្លាម។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងលោក Dato’ Ahmad Azam Abdul Rahman បេសកជនពិសេសប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការរៀបចំ​ពិធី​អាហារ​ស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា បានឱ្យដឹងថា ពិធីពិសាអាហារស្រាយបួសនេះ ក៏មានការអញ្ជើញចូលរួមពី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ អាជ្ញាធររាជធានី ខេត្ត សមាគម អង្គការ ចំនួន ៦ ២០០នាក់, គណៈអ៊ីមុំារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមុំា​ម៉ា​ស្ជិទ គ្រូបង្រៀន គ្រូពេទ្យ ពាណិជ្ជករ និស្សិត ដែលបានអញ្ជើញមកចូល​រួមពី​បណ្តារាជធានី ខេត្តទូទាំងប្រទេស ២,៨០០នាក់ និងយុវជន និស្សិតមកពី ១៨សាកលវិទ្យាល័យ ថ្នាក់ដឹកនាំសាសនានិងមហាជនចំនួន ២,៥៥០នាក់ ព្រមទាំងប្រិយមិត្តបរទេសក្នុង និងក្រៅប្រទេសចំនួនជាង ២៥០នាក់ ដែលមានចម្រុះ ៣១ជាតិសាសន៍។

លោកបណ្ឌិត អូស្មាន ហាស្សាន់ បានឱ្យដឹងថា ឆ្នាំនេះ ជាឆ្នាំទី៩ហើយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំឱ្យ​មាន​កម្មវិធីពិសាអាហារស្រាយបួសថ្នាក់ជាតិ តាំងពីឆ្នាំ២០១៤ ដែលជា​កម្ម​វិធី​មួយពុំធ្លាប់មាននៅកម្ពុជា តែត្រូវបានខកខាន ៣ឆ្នាំ (២០២០ ២០២១ និង២០២២) ដោយសារវិបត្តិជម្ងឺកូវីដ-១៩។ ឆ្នាំនេះក៏ជាឆ្នាំទី២ដែរ ដែល​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី​។

ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នៅកម្ពុជា ហើយមាននៅបណ្តា​ប្រទេស​ខ្លះចាប់ផ្តើមពីថ្ងៃទី១ ខែមីនា ត្រូវនឹងថ្ងៃទី១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៤៦ មូហាំម៉ាត់​សករាជ សាសនិកឥស្លាមកម្ពុជា សាសនិកឥស្លាមនៅលើសកលលោក កំពុងបួសតមអាហារមួយខែ ពីព្រលឹមរហូតដល់ថ្ងៃលិចប្រមាណជាង ១៤​ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះ ដែលជាកាតព្វកិច្ចទី៤ ក្នុង​ចំណោម​កាតព្វកិច្ចទាំង៥របស់សាសនាឥស្លាម។

សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងបង្រួបបង្រួមជាតិកម្ពុជា ជាមេដឹកនាំមួយរូបដែលមាន​ទស្សនៈវិជ្ជាដឹកនាំប្រកបដោយបេះដូងទូលំទូលាយ និងមនោសញ្ចេតនាជ្រាលជ្រៅសម្រាប់ប្រជាពលរដ្ឋ​គ្រប់រូប ដោយមិនមានការប្រកាន់និន្នាការពូជសាសន៍ ពណ៌សម្បុរ ឬសាសនានោះឡើយ។ ទស្សនៈដឹក​នាំដោយមិនមានការរើសអើងនេះហើយ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារួមរស់ជាមួយគ្នាប្រកបដោយក្តីសុខដុម ទោះបីមានជំនឿសាសនាផ្សេងគ្នាយ៉ាងណាក្តី។

សម្តេចតេជោ បើទោះបីជាមេដឹកនាំជាតិកាន់ព្រះពុទ្ធសាសនា ប៉ុន្តែសម្តេចបានរៀបចំ និងអញ្ជើញចូល​រួមពិសារអាហារស្រាយបួសជាមួយខ្មែរឥស្លាម ដោយចាប់ផ្តើមនៅឆ្នាំ២០១៤។ រហូតមកដល់ឆ្នាំ​២០២៥​ ពិធីនេះរៀបចំឡើងចំនួន៩លើកហើយ ខណៈឆ្នាំ២០២០ ២០២១ និង២០២២ ត្រូវបានខកខានដោយ​សារជំងឺកូវីដ១៩។ ពិធីស្រាយបួសថ្នាក់ជាតិនៅកម្ពុជា ក៏ត្រូវបានចាត់ទុកថា ជាការរៀបចំដែលមាន​ទ្រង់​ទ្រាយ​ធំជាងគេ ក្នុងចំណោមពិធីស្រាយបួសដែលរៀបចំដោយរដ្ឋាភិបាលនៅតាមបណ្តាប្រទេស​នានា​លើ​សាកលលោក។

បើទោះបីរាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា ត្រូវបានផ្លាស់ប្តូរនាយករដ្ឋមន្ត្រី តែ​នយោបាយបង្រួបបង្រួមសាសនានៅតែជាគោលនយោបាយដ៏ចាំបាច់សម្រាប់រាជរដ្ឋាភិបាលថ្មីដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតី បន្តអនុវត្តន៍តាមអគ្គមគ្គុទេសក៍ដឹកនាំរបស់សម្តេចតេជោ ហើយបន្តអញ្ជើញចូលរួមក្នុងពិធីពិសារអាហារស្រាយបួសរបស់ខ្មែរឥស្លាម។

វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីពិសារអាហារស្រាយបួស ជាការស្តែងឱ្យឃើញយ៉ាង​ច្បាស់ពីការយកចិត្តទុកដាក់របស់សម្តេចលើសហគមន៍ខ្មែរឥស្លាម ហើយមិនមាននយោបាយប្រកាន់ ឬរើសអើងការប្រតិបត្តិសាសនិកណាមួយនៅកម្ពុជានោះឡើយ។

សូមបញ្ជាក់ថា ខែរ៉ាម៉ាឌន ត្រូវបានគេហៅជាទូទៅថា ជាខែដែលបងប្អូនខ្មែរអ៉ីស្លាមបួស ឬ ជាខែបួស ឬ ក៏ជាខែដែលជនមូស្លីមតមមិនបរិភោគ ឬ ផឹកនៅពេលថ្ងៃរយៈពេលមួយខែ។ រ៉ាម៉ាឌន ជាខែទី៩ ក្នុងប្រតិទិនចន្ទគតិ នៃសាសនាអ៉ីស្លាម ហើយដែលត្រូវបានចាត់ទុកថា ជាចៅហ្វាយនៃខែឯទៀតៗ។ ដោយសារក្នុងមួយឆ្នាំ នៃប្រតិទិនចន្ទគតិនេះ គឺមាន ១១ថ្ងៃ ខ្លីជាងប្រតិទិនសុរិយាគតិ ធ្វើឲ្យខែរ៉ាម៉ាឌន វិលជុំថយក្រោយកាត់តាមរដូវនីមួយៗ។

* រ៉ាម៉ាឌន ជាខែពិសិដ្ឋ

ជាការពិតដែលថា រ៉ាម៉ាឌនជាខែមួយដ៏ពិសិដ្ឋសម្រាប់សាសនិកអ៊ីស្លាម ឬ មូស្លីម។ ជាខែពិសិដ្ឋ ទី១៖ កួរអាន ដែលជាគម្ពីរពិសិដ្ឋ ត្រូវបានបញ្ចុះ មកជាលើកដំបូងនៅក្នុងខែរ៉ាម៉ាឌន នេះឯង នាឆ្នាំ៦១០ នៃគ.ស.។ ទី២៖ គឺការកាន់អំណត់តម ជាកាតព្វកិច្ចមួយក្នុងមូលដ្ឋានគ្រឹះទាំង៥នៃ សាសនាអ៊ីស្លាម។ កាតព្វកិច្ចកាន់អំណត់តមនេះ ត្រូវបានកំណត់ឱ្យអនុវត្ត នៅខែរ៉ាម៉ាឌន ចាប់តាំងពីឆ្នាំ ៦២៤នៃគ.ស ពោលគឺ ២ឆ្នាំក្រោយ ការធ្វើហិជ្ជរ៉ស(ការចាកចេញ) ពីទីក្រុងមក្កះ ទៅក្រុងម៉ាឌីណះ របស់រ៉សូលុលឡោះ (មហាំម៉ាត់)។ ប៉ុន្តែវាមិនមែនជារឿងថ្មីស្រឡាងឡើយ នៅពេលដែលការកាន់អំណត់តមអាហារ ត្រូវកំណត់ឱ្យអនុវត្តក្នុងខែរ៉ាម៉ាឌននាជំនាន់ណាពីមូហាំម៉ាត់នោះ ពីព្រោះកាត្វកិច្ចនេះក៏ធ្លាប់ត្រូវបាន អនុវត្តរួចមកហើយនៅជំនាន់អ្នកពីមុនៗ ដូចជាជំនាន់អីប្រាហ៊ីម មូសា អ៊ីសា.... គ្រាន់តែរបៀប និងពេលវេលាខុសៗគ្នាតាមជំនាន់នីមួយៗប៉ុណ្ណោះ។

* បួស ឬខែបួស

ជាពាក្យត្រូវបានគេប្រើជាទូទៅដោយសំដៅទៅលើការប្រតិបត្តិមួយចម្បងនៅខែ រ៉ាម៉ាឌន ដោយមិនពិសាអ្វីទាំងអស់នៅពេលថ្ងៃ។ ការមិនពិសាអ្វីទាំងឡាយនេះ ក្នុងភាសាអ៉ារ៉ាប់ គេហៅថា សោម (Saum) ដែលមានន័យថា «តម»។ បើអីចឹងតើនរណាខ្លះដែលជាប់ កាតព្វកិច្ចតមអាហារនៅពេលថ្ងៃក្នុងខែរ៉ាម៉ាឌននេះ? គឺមូស្លីម ប្រុសស្រីដែលមានអាយុ (១៣ ឬ១៥ឆ្នាំ) ឡើងទៅ និងមិនមែនជាមនុស្សពិការសតិបញ្ញា។ តែក្នុងករណីសម្រាប់អ្នកមានជំងឺ អ្នកធ្វើដំណើរតាមផ្លូវឆ្ងាយ នារីពពោះ ឬមានរដូវ នារីបំបៅកូនជាដើម អាចមានសិទ្ធិមិនបួសបាន តាមហេតុការណ៍កើតឡើងជាក់ស្ដែង តែត្រូវសងវិញនៅពេលក្រោយ រីឯអ្នកចាស់ជរា មិនអាចបួសបានតែម្ដងត្រូវផ្ដល់អំណោយទាន ដល់អ្នកក្រីក្រ ក្នុងមួយថ្ងៃ អង្ករកន្លះគីឡូ នារយៈពេលមួយខែពេញ នៃខែរ៉ាម៉ាឌន។

បន្ថែមពីលើនេះ ការតមនេះគឺតមលើការបរិភោគក្នុងពេលវេលាដែលហាមឃាត់ ចាប់ពីទៀបភ្លឺ រហូតដល់ថ្ងៃលិច។ នៅអំឡុងពេលថ្ងៃគេមិន ត្រូវបរិភោគ ផឹក ឬការមានទំនាក់ទំនងផ្លូវភេទនោះទេ ចំណែកឯការមករដូវរបស់ស្តី្រ ក៏ធ្វើឱ្យខូចនូវការតមនេះដែរ។ ទោះជាយ៉ាងនេះក្តី ការបរិភោគដោយអចេតនា ឬភ្លេចភ្លាំង មិនត្រូវបានចាត់ទុកថា ដាច់ ឬខូចដល់ការកាន់អំណត់តមនោះឡើយ។

* ការកាន់អំណត់តមមិនមែនជាទណ្ឌកម្ម

រយៈពេលនៃការតមក្នុងមួយថ្ងៃៗ វែង ឬខ្លី គឺអាស្រ័យតាមដំណើរគោចរនៃព្រះអាទិត្យ តាមតំបន់ ឬប្រទេសនីមួយៗ ព្រោះគេនឹងចាប់តមអាហារពីពេលទៀបភ្លឺ និងចាប់ពិសាវិញនៅពេលថ្ងៃលិច។ ក៏ប៉ុន្តែគេត្រូវគប្បីយល់ឲ្យបានច្បាស់ថាការកាន់អំណត់ នេះពុំមែនជាការ ដាក់ទោស ឬទណ្ឌកម្ម ឬទុក្ខកិរិយា ទៅលើមនុស្សជាតិ ឬក៏ជាភារៈដែលមិនអាចទ្រាំទ្របាននោះទេ។ គោលគំនិតសំខាន់ នៅពីក្រោយនៃ ការអនុវត្តការតមអំណត់នេះ គឺជាការធ្វើសក្ការៈដោយ សុទ្ធចិត្តទៅចំពោះ ការបង្គាប់បញ្ជារបស់អល់ឡោះជាម្ចាស់ ដូចទ្រង់មានព្រះបន្ទូលក្នុង គម្ពីកួរអានដូច្នេះថា៖ «ឱ! បណ្ដាអ្នកមានជំនឿលើអល់ឡោះ និងអ្នកនាំសាររបស់អល់ឡោះ​គឺមហាំម៉ាត់ អល់ឡោះជាម្ចាស់បានដាក់កត្វាកិច្ច លើពួកអ្នកឱ្យតមអំណត់អាហារ​នៅពេលថ្ងៃ ដូចគ្នាទៅនឹងអល់ឡោះ​បានដាក់ កាតព្វកិច្ចលើបណ្ដាអ្នកដែលមានជំនឿពីមុនៗ ដើម្បីសម្ដែងការ កោតខ្លាចនិងគោរពតាមបទបញ្ជាដោយ​សុទ្ធចិត្តទៅចំពោះអល់ឡោះ»

ម្យ៉ាងវិញទៀត ការកាន់អំណត់នេះ មិនមែនត្រឹមជាការកាត់បន្ថយការ បំពេញតម្រូវការផ្នែកសារពាង្គកាយ ពីការបរិភោគ និងផឹកពីច្រើនមកតិចនោះទេ ប៉ុន្តែវាគឺជាការតាំងចិត្ត រវាងរាងកាយ និងការសម្អាតវិញ្ញាណ ពីតម្រូវការផ្នែកសម្ភារៈនិយម ការអត់ធ្មត់ មានម្ចាស់ការលើតណ្ហា ឬសេចក្តីស្រេកឃ្លាន និងជាពិសេសការអនុវត្តនូវធម៌វិន័យក្នុងឋានៈជា សាវ័ក ដែលប្រកាន់ខ្ជាប់នូវគោលជំនឿត្រឹមត្រូវ។

* ការអនុវត្តផ្សេងៗក្នុងខែរ៉ាម៉ាឌន

ខែរ៉ាម៉ាឌន ជាខែដែលត្រូវសង្វាតប្រពិត្តអំពើល្អ ដោយឱកាសនេះ មានមិនលើសពីមួយខែនោះឡើយ។ អំពើល្អទាំងនោះមានដូចជាការផ្តល់ ចំណីអាហារដល់អ្នកកាន់អំណត់តម ជនទីទ័លក្រ ការបរិច្ចាកទាន។ល។ ទោះជាយ៉ាងនេះក្តី ក៏មានការអនុវត្ត ដែលមិនត្រឹមត្រូវផ្សេងពីការ អប់រំនៃសាសនាអ៊ីស្លាមដែរ។ មានមនុស្សមួយចំនួនបានធ្វើការចំណាយដោយខ្ជះខ្ជាយ នៅអំឡុងពេលកាន់អំណត់ លើមុខម្ហូបរបស់ខ្លួនតាំង ពីពេលចាប់ផ្តើម និងពេលបញ្ចប់។ ពួកគេរៀបចំអាហារហាក់ ដូចសម្រាប់ចំនួនមនុស្សកុះករ ហើយចុងបញ្ចប់ ពួកគេហូបត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ហើយអាហារដែលនៅសល់ គឺបានត្រឹមតែបោះបង់ចោល។ ការអនុវត្តបែបនេះ គឺផ្ទុយនឹងក្រិតក្រមវិន័យនៃសាសនាអ៊ីស្លាម។

គួរបញ្ជាក់ឡើងវិញថា របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុនណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួសនៅថ្ងៃដំបូង នៃខែរ៉ាម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែ រ៉ាម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវបំពេញខែសាក់ពឺន (ខែទី០៨ នៃមហាំម៉ាត់សករាជ) ឱ្យគ្រប់៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើមបួសនៅថ្ងៃមួយកើត ខែរ៉ាម៉ាឌន៕