(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកកប់ស្រូវ ដោយបំពាក់បន្ថែមម៉ូទ័របូមទឹក មុខកាត់១.៥ម៉ែត្រ ចំនួន២គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះ ដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញ ដោយត្រូវជីកកាត់ ទទឹងមហាវិថីឈ្នះឈ្នះ ចំណុចមុខស្ថានីយបូមទឹកកប់ស្រូវ។

ដើម្បីឲ្យដំណើរការគម្រោងនេះ បានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទកំណាត់មហាវិថី ឈ្នះឈ្នះចំណុចមុខស្ថានីយបូមទឹកកប់ស្រូវស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយត្រូវបិទម្ខាង និងបើកម្ខាង ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង៨៖០០នាទីព្រឹក រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧៖០០នាទីល្ងាច។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរណ៍ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឲ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់៕