(ភ្នំពេញ)៖ ពិធីមហាសង្ឃទានប្រគេនព្រះមន្រ្តីសង្ឃ ៧៧៥អង្គ ដើម្បីឧទ្ទិសថ្វាយ ប្រគេន និងជូននូវមហាកុសល ចំពោះព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ អតីតព្រះមហាវីរៈក្សត្រខ្មែរគ្រប់ព្រះអង្គ សម្តេច ព្រះមហាសង្ឃរាជគ្រប់ព្រះអង្គ នៅវត្តមុនីសុវណ្ណ (ហៅវត្តជំពុះក្អែក) បានរៀបចំក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងការអញ្ជើញ ចូលរួមដោយលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកស្រីសូ ភត្ត្រា ដែលប្រារព្ធធ្វើនៅសាលាធម្មសភា វត្តមុនីសុវណ្ណ (ហៅវត្តជំពុះក្អែក) ស្ថិតសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៤ ខែមិនា ឆ្នាំ២០២៥។
ពិធីមហាសង្ឃទានដ៏មានមហាអត្ថន័យនេះ មានការនិមន្តនិងអញ្ជើញ ចូលរួមដោយ សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣, សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អនុប្រធានថេរសភា ព្រះពុទ្ធសាសនា, សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ អនុប្រធានអចិន្ត្រៃយ៍ លេខាធិការដ្ឋាន គណៈសង្ឃនាយក, ព្រះមន្រ្តីសង្ឃគ្រប់ឋានានុក្រុម, ព្រះថេរានុត្ថេរៈ សមណសិស្ស សមណនិស្សិតតាមបណ្តាវត្តមួយចំនួន ក្នុងរាជធានីភ្នំពេញ ជាពិសេសគឺព្រះមន្ត្រីសង្ឃបម្រើការងារក្នុងវិស័យពុទ្ធិកសិក្សា និងបានចូលរួមជួយជ្រោមជ្រែង អស់ពីព្រះ កាយពល ក្នុងព្រះរាជពិធីបុណ្យព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គលថ្វាយ សម្តេព្រះមហាសុមេធាធិបតី នន្ទ ង៉ែត និងព្រះរាជពិធីស្រោចស្រពព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះ មហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង និងសម្តេច ព្រះសង្ឃ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកប្រកបដោយលទ្ធផលយ៉ាង ល្អប្រសើជាទីមោទនៈ។
សម្តេចព្រះមហាសុមេធាធិបតី ជាអម្ចាស់ និង លោក ចាយ បូរិន បានសំណេះសំណាលជា មួយព្រះមន្រ្តីសង្ឃទាំង ៧៧៥អង្គនិងសីលវន្ត សីលវតីចំនួន១០០នាក់ និងថ្លែងអំណរគុណចំពោះកិច្ចខិតខំ បំពេញភារកិច្ចកន្លង។ ការរៀបចំពិធីមហាសង្ឃទានប្រគេនព្រះមន្រ្តីសង្ឃនេះ គោលបំណងនៃការរៀបចំពិធីមហាសង្ឃទាននេះឡើង ដើម្បីឧទ្ទិសថ្វាយ ប្រគេន និងជូននូវមហាកុសល ចំពោះព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ អតីតព្រះមហាវីរៈក្សត្រខ្មែរគ្រប់ព្រះអង្គ សម្តេច ព្រះមហាសង្ឃរាជគ្រប់ព្រះអង្គ សម្តេចព្រះសង្ឃគ្រប់ព្រះអង្គ ព្រះសង្ឃគ្រប់ព្រះអង្គ វីរៈជនខ្មែរគ្រប់រូប ដែលបានពលីជីវិត ក្នុងបុព្វហេតុកសាង និងកាពារជាតិនិងសាសនា ព្រមទាំងឧត្តមប្រយោជន៍របស់ជាតិ មាតុភូមិ សូមអោយបានចាក់ធ្លុះក្នុងទីឋានបរមសុខ កុំបីអាក់ខានឡើយ។
ក្នុងឱកាសនេះព្រះមន្រ្តីសង្ឃចំនួន ៧៧៥ អង្គ និងសីលវ័ន សីលវត្តិ ១០០នាក់ សូមបួងសួងប្រសិទ្ធពរជ័យមង្គល វិបុលសុខគ្រប់ប្រការ វត្ថុស័កសិទ្ធក្នុងលោកសូមប្រសិទ្ធពរជ័យថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង ជា ពិសេសសូមថ្វាយព្រះពរសម្តេចមាន ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់និងផ្ដល់ព្រះឱវាទដល់ព្រះមន្រ្តីសង្ឃ និងប្រជាបរិស័ទគ្រប់វ័យឱ្យបានយល់ដឹងនូវ មាគ៌ានៃព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ជានិច្ចនិរន្តរ៍តរៀងទៅ និងបន្តដឹកនាំវិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនទ្វេរឡើងថែមទៀត៕