(ភ្នំពេញ)៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) រយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ៨០,២០០នាក់ ទៅទស្សនាកម្សាន្ដនៅទឹកដីអង្គរ នៃខេត្តសៀមរាប។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។

ក្រសួងទេសចរណ៍ បានអះអាងថា ចំនួនភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្ដនោះ រួមមាន ភ្ញៀវទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្ត ប្រមាណ៧១,០០០នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ៩,២០០នាក់។

សូមជម្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា នៅវេលាម៉ោង៥៖០០ព្រឹក ដល់ម៉ោង៦៖៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។

ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិច នៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និងផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕