(ភ្នំពេញ)៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោកស្រី យ៉េត ម៉ូលីន កើតរិទ្ធ បានអញ្ជើញចូលរួមជាអធិបតីក្នុងការចូលរួម ក្នុងកម្មវិធីបិទ កម្មវិធី «វាយសីពានរង្វាន់វិស័យយុត្តិធម៌ លើកទី៧» ដែលការប្រកួតនេះបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ គឺថ្ងៃទី២១ រហូតថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទីតាំង បុរី អ & អេហ្វ ស៊ីធី។
តាមរយៈរបាយការណ៍ស្វាគមន៍របស់លោក សេង ប៊ុនឃាង ប្រធានគណៈកម្មការរៀបចំការប្រកួតវិស័យយុត្តិធម៌ បានឱ្យដឹងថា ព្រឹត្តការណ៍នៃការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌ជាព្រឹត្តការណ៍ធំមួយ នៅក្នុងចំណោម ព្រឹត្តិការណ៍ធំៗចំនួនពីរ ដែលរៀបចំដោយក្រុមកីឡាសេនាយុត្តិធម៌ ដែលរួមមាន ការប្រកួតបាល់ទាត់ និងការប្រកួតវាយសីនេះ។
លោកបានលើកឡើងថា ការប្រកួតនៅក្នុងឆ្នាំនេះគឺជាឆ្នាំទី៧ ហើយដែលគណៈកម្មការរៀបចំការប្រកួតវាយសីវិស័យយុត្តិធម៌ បានរៀបចំកម្មវិធីប្រកួតឡើង ដោយមានសមាសភាពចូលរួមប្រកួតពីសំណាក់ កីឡាករ កីឡាការនី ដែលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី ក្រឡាបញ្ជី និងមន្ត្រីតុលាការ ដែលសុទ្ធសឹងតែជាអ្នក ប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ មានចំនួន ៤០០ រូប បានចូលរួមដាក់ពាក្យប្រកួតប្រជែងដណ្តើមពានរង្វាន់។
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាច្រើនប្រកួត និងមានការរៀបចំកត់ត្រា និងដាក់ពិន្ទុយ៉ាងត្រឹមត្រូវពីសំណាក់អាជ្ញាកណ្តាល គណៈកម្មការរៀបចំការប្រកួតជ្រើសរើសបាននូវគូប្រកួតដែលទទួលបានជ័យលាភីតាមប្រភេទ ពានរង្វាន់នីមួយៗដូចខាងក្រោម៖
*ពានរង្វាន់ជ័យលាភី ៖ ជ័យលាភីលេខ ១ ៖ កីឡាករ ហាស់ ពុទ្ធី និងកីឡាករ ឡាយ ជុងហេង ជ័យលាភីលេខ ២ ៖ កីឡាករ ទេព មុនិន្ទ និងកីឡាករ ហ៊ីង ភព្វមិនា ជ័យលាភីលេខ ៣ ៖ កីឡាករ ប៉ូ បុណ្ណវឌ្ឍន៍ និងកីឡាការនី សេង ដាវីន ជ័យលាភីលេខ ៤ ៖កីឡាករ សេង ប៊ុនឃាង និងកីឡាករ ឡុង ឈុនហៃ
*ពានរង្វាន់កិត្តិយស ៖ ជ័យលាភីលេខ ១ ៖ កីឡាករ អ៊ាក សុងរ័ត្ន និងកីឡាករ ម៉ម ឡង់ឌី ជ័យលាភីលេខ ២ ៖ កីឡាករ គី ឌីបូមីង និងកីឡាករ អ៊ន់ ប៊ុនឆេង
*ពានរង្វាន់ ALL STAR ៖ ជ័យលាភីលេខ ១ ៖ កីឡាករ សែម ប៉ារូដា និងកីឡាករ ជីន ភារម្យ ជ័យលាភីលេខ ២ ៖ កីឡាករ ទ្រី ហាន់ និងកីឡាករ ប៊ុន ហុកគ្រី ជ័យលាភីលេខ ៣៖ កីឡាករ ជា ភារ៉ា និងកីឡាករ ជួន ទីសក្កា
*ពានរង្វាន់កិត្តិយស ALL STAR ៖ ជ័យលាភីលេខ ១ ៖ កីឡាករ វ៉ន មុនីឫទ្ធិ និងកីឡាករ ថាន ប៊ុនធី ជ័យលាភីលេខ ២ ៖ កីឡាករ ស៊ី ដាវីត និងកីឡាករ សំរិទ្ធិ រាជ
*ពានរង្វាន់ Mix Double ៖ ជ័យលាភីលេខ ១ ៖ កីឡាករ លី រដ្ឋធី និងកីឡាការនី នូ ពិសី ជ័យលាភីលេខ ២ ៖ កីឡាករ ហ៊ត អ៊ាងហុង និងកីឡាករ សេង ដាវីន
*ពានរង្វាន់មិត្តភាព ៖ ជ័យលាភីលេខ ១ ៖ កីឡាករ គី តិច និងកីឡាករ ហែម មានិត ជ័យលាភីលេខ ២ ៖ កីឡាករ កែវ មុនី និងកីឡាករ សួស សាមឿន ជ័យលាភីលេខ ៣៖ កីឡាករ ភី ចិន្តា និងកីឡាករ កួច ឡៃហេង
*ពានរង្វាន់មិត្តភាព ALL STAR ៖ ជ័យលាភីលេខ ១ ៖ កីឡាករ គង់ ច័ន្ទខេមរិទ្ធ និងកីឡាករ ប៉ូ វណ្ណភា ជ័យលាភីលេខ ២ ៖ កីឡាករ ស៊ុន ប៊ុណ្ណរិទ្ធ និងកីឡាករ នៅ រក្សា
*ពានរង្វាន់អនុស្សាវរីយ៍៖ ជ័យលាភីលេខ ១ ៖ កីឡាករ កេង សុម៉ារិទ្ធ និងកីឡាករ លាង ភីណា ជ័យលាភីលេខ ២ ៖ កីឡាករ សេង ប៊ុនឃាង និងកីឡាករ ម៉េង តូនី ជ័យលាភីលេខ ៣៖ កីឡាករ ផាន់ វណ្ណរ័ត្ន និងកីឡាករ ហាន ហ្វា
ថ្លែងក្នុងកម្មវិធីបិទការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌លើកទី៧ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនូវការអបអរសាទរចំពោះកីឡាករទទួលបានជ័យលាភីនិងបានកោតសរសើរដល់ក្រុមសេនា យុត្តិធម៌ និងគណៈកម្មការរៀបចំការប្រកួត ដែលបានខិតខំរៀបចំកម្មវិធីប្រកួតនេះឡើង និងលើកទឹកចិត្តឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតនេះបន្តបន្ទាប់ នៅក្នុងឆ្នាំក្រោយៗទៀតផងដែរ។
ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា កីឡាករ កីឡាការនី ដែលបានចូលរួមប្រកួតទាំងអស់ ក្នុងរយៈពេល ០៣ ថ្ងៃនេះ គឺឈ្នះទាំងអស់គ្នា ដោយឈ្នះចំនួន ០៣ ៖ ឈ្នះទី១ គឺឈ្នះសុខភាព, ឈ្នះទី២. គឺឈ្នះសាមគ្គី ឈ្នះមិត្តភាព និងឈ្នះភារតភាព និង ឈ្នះទី៣ គឺការបង្កើតសុខដុមរមនា។ ម្យ៉ាងទៀត កីឡាបានបង្កើនវិន័យ ភាពថ្លៃថ្នូរ និងមោទនភាពជាតិ នៅក្នុងសង្គមផងដែរ។
ឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអង្គពិធីទាំងមូលផងដែរថា៖ «កីឡារស់នៅក្នុងសន្តិភាព» តាមរយៈកីឡានេះ សូមឱ្យកីឡាករ កីឡាការនី ចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាសុខសន្តិភាព ក៏ដូចជាឱ្យវិស័យកីឡារបស់យើងរស់នៅក្នុងសន្តិភាពជានិច្ចនិរន្ត៕