(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ ស្ដីពី «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ: ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» គឺបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា និងចិន ក្នុងការប្រែក្លាយគំនិតដែលជាចក្ខុវិស័យទៅជាយុទ្ធសាស្ត្រជាក់ស្តែង ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គម និងរួមចំណែកដល់ស្ថិរភាពតំបន់ និងពិភពលោក។
អញ្ជើញថ្លែងបើកវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី៤ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា វេទិកានេះដើរតួនាទីលើសពី កិច្ចការគរុសភា តែវាគឺជាធាតុផ្សំដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងការទូតរបស់យើង។
ពិធីបើកវេទិកានេះបានធ្វើឡើងក្រោមអធិបតីភាពបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, សាស្រ្តាចារ្យបណ្ឌិត ចេន ចាន់មីន (Zhen Zhanmin) អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន, បណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការ និងជាតំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វេទិកានេះធ្វើឡើងចាប់ពីថ្ងៃទី២៤-២៥ ខែមីនា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ និងទីក្រុងសៀមរាប។
ជាមួយគ្នានេះដែរ បណ្ឌិត គិន ភា បានគូសបញ្ជាក់ថា វេទិកានេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងការព្រងីកចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងចិន ការជំរុញវិបុលភាពរួម និងការរៀបចំអនាគតដ៏ត្រចះត្រចង់។ វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងទ្វេភាគី។ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន បានដើរតួនាទីជាមជ្ឈមណ្ឌលនៃកិច្ចសហប្រតិបត្តិការផ្នែកបញ្ញាញាណ និងជំរុញកិច្ចសន្ទនារវាងបញ្ញវន្ត អ្នករៀបចំគោលនយោបាយ និងអ្នកដឹកនាំគំនិតនៃប្រទេសទាំងពីរ និងទាំងក្នុង និងក្រៅតំបន់។
លោកបណ្ឌិត គិន ភា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខណៈពេលដែលយើងកំពុងរៀបចំវេទិកាកម្រិតខ្ពស់ក្រោមប្រធានបទ «ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ : ទំព័រថ្មីនៃសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នាក្នុងយុគសម័យថ្មី» យើងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើង ក្នុងការប្រែក្លាយគំនិតដែលជាចក្ខុវិស័យទៅជាយុទ្ធសាស្ត្រជាក់ស្តែងដែលអាចអនុវត្តបាន ដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមយើង និងរួមចំណែកដល់ស្ថិរភាពតំបន់ និងពិភពលោក»។
បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានរម្លឹកថា កម្ពុជា និងចិនបានចងភ្ជាប់ដោយចំណងប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅប្រកបដោយការគោរពគ្នាទៅវិញទៅមក និងសាមគ្គីភាព។ ការណ៍នេះអាចឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់ប្រទេសចិនក្នុងអំឡុងពេលនៃកិច្ចខិតខំប្រឹងប្រែងកសាងសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា និងការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាល និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។
ភាពជាដៃគូរវាងប្រទេសទាំងពីរបង្ហាញពីកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ប្រកបដោយជោគជ័យ (South-South Cooperation)។ ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០២៣ បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន៦ រួមមាន៖ កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សមត្ថភាពផលិតកម្ម កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
លោកបណ្ឌិត គិន ភា បានបន្ថែមថា ចំពោះមុខភាពស្មុគស្មាញនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងភាពមិនប្រកដប្រជា ដែលភាគច្រើនត្រូវបានបង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ប្រទេសចិនបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ពហុភាគីនិយមនៅក្នុងសេដ្ឋកិច្ចពិភពលោក។ ប្រទេសចិនតែងតែធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីស្តារទំនុកចិត្តលើពហុភាគីនិយម និងសកលភាវូបនីយកម្ម កសាងសេដ្ឋកិច្ចពិភពលោកពហុភាគីបើកចំហ និងបំភ្លឺផ្លូវថ្មីសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីរៀបចំអនាគតរួមគ្នាដ៏ត្រចះត្រចង់។
«ខណៈពេលយើងចាប់ផ្តើមវេទិកានេះ យើងក៏កំពុងប្រឈមនឹងបញ្ហាជាច្រើនដូចជា៖ ការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងការរំខានផ្នែកបច្ចេកវិទ្យា ដែលទាមទារឱ្យយើងមានសេចក្តីប្រាជ្ញារួមក្នុងការដោះស្រាយរួមគ្នា។ សូមឱ្យការជួបជុំនាពេលនេះ បានដើរតួជាកាតាលីករសម្រាប់ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ការពង្រឹងទំនុកចិត្ត និងការប្តេជ្ញាចិត្តជាថ្មីរបស់យើងចំពោះមិត្តភាពដែកថែបដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជានិងចិន»។ នេះជាការថ្លែងបន្ថែមរបស់លោកបណ្ឌិត គិន ភា៕