(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) និងសមាគមទេសចរណ៍ថៃ (TTPA) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានរៀបចំក្រុមទេសចរម៉ូតូធំចំនួន២៦នាក់ ធ្វើដំណើរមកទស្សនាព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទ អង្គរវត្ត នាឱកាសនោះក្រុមម៉ូតូធំ ដែលជាអ្នកទេសចរមកពីប្រទេសថៃ បានបង្ហាញអារម្មណ៍រីករាយ និងស្ងោចសរសើរចំពោះ​ភាពអស្ចារ្យ ​នៃសំណង់ស្ថាបត្យកម្មខ្មែរ ដែលព្រះអាទិត្យរះចំ​កំពូលប្រាសាទអង្គរវត្ត។

ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត បានទាក់ទាញសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់ពាន់នាក់ ឱ្យមកទន្ទឹងរង់ចាំមើលព្រឹត្តិការណ៍ដ៏អច្ឆរិយៈមួយនេះ។ សមរាត្រី នៅអង្គរវត្ត កើតឡើង២ដង ក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា ចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣។ មនុស្សម្នាគ្រប់រូបបានកោតសរសើរ និងស្រែកហូរកញ្ជៀវ នៅពេលឃើញព្រឹត្តិការណ៍នេះ ក្នុងនោះក៏មានទេសចរក្រុមម៉ូតូធំ ជនជាតិថៃក៏មកទស្សនាផងដែរ។

លោក CHALOEM SOONTHONG សមាជិកក្រុមម៉ូតូធំថៃ ដែលធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីទស្សនាសមរាត្រី បានបង្ហាញអារម្មណ៍រីករាយឥតឧបមា បន្ទាប់ពីបានឃើញមនុស្សម្នាជាច្រើន ឈររង់ចាំទស្សនា ព្រះអាទិត្យរះនៅលើកំពូលប្រាសាទអង្គរវត្ត។

លោករីករាយផងដែរដែលមានឱកាស​បានឃើញ​ព្រឹត្តិការណ៍នេះជាលើកដំបូង និងមិនធ្វើឱ្យលោកខកបំណងទេ ដែលខំក្រោកតាំងពីម៉ោង៥ ដើម្បីមកឱ្យបានឃើញព្រឹត្តិការណ៍នេះ។ រាល់ដងទេសចរថៃរូបនេះមកលេង ខេត្តសៀមរាប ឬប្រាសាទបុរាណខ្មែរធម្មតា តែលើកនេះបានឃើញ​សមរាត្រីដូច្នេះ ធ្វើឱ្យលោកចងចាំមិនភ្លេច។

ចំណែកលោក KANTHAPHM SAENGOW វិញក៏រីករាយផងដែរពេលឃើញបានមកទស្សនា សមរាត្រីនៅអង្គរវត្ត។ លោកបន្តថា ក្រុមម៉ូតូធំរបស់លោក បានធ្វើដំណើរមកតាមច្រកព្រំដែនអន្តរជាតិ សំពៅលូន នៃខេត្តបាត់ដំបង និងមានបំណងចូលរួមផ្សព្វផ្សាយសក្កានុពលទេសចរណ៍កម្ពុជា ពិសេសនៅព្រឹត្តិការណ៍សមរាត្រី ទៅកាន់ទេសចរថៃផ្សេងទៀតដែលមកទាន់មកទស្សនា។

លោកបញ្ជាក់ថា ហេដ្ឋារចនាសម្ពន្ធតភ្ជាប់ពីព្រំដែនមកកាន់ខេត្តសៀមរាប ​ឬខេត្តបាត់ដំបង មានភាពល្អប្រសើរ ហើយលោកពេញចិត្តចំពោះបដិសណ្ឋារកិច្ច ការស្នាក់នៅ ពិសេសអាហារ ដែលជនជាតិថៃសុទ្ធ​តែអាចទទួលទានបាន។ ដំណើរទេសចរណ៍ក្រុមម៉ូតូនេះ មានរយៈពេល៥ថ្ងៃ ៤យប់ គឺនៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយមានការសម្របសម្រួលពីក្រុមហ៊ុនទេសចរណ៍ អារញ័ស៊ីសូផុន ធូរ (Aran Sisophon Travel& TourS)។ លោកបង្ហើបថា ដំណើរលើកក្រោយ ក្រុមរបស់លោកគ្រោងធ្វើដំណើរជុំវិញបឹងទន្លេសាប និងរាជធានីភ្នំពេញផងដែរ។

រីឯលោកស្រី JATURONG KOWIT ដែលជិះម៉ូតូធំជាមួយគ្រួសារលោកស្រី ក៏ប្រាប់ពីភាពងាយស្រួល ក្នុងការធ្វើដំណើរមកកាន់ខេត្តសៀមរាបផងដែរ។ សម្រាប់ទេសចររូបនេះ ក្នុងដំណើរលើ​ចំងាយផ្លូវ​ជិត២០០គ.ម ពីព្រំដែនមកកាន់ខេត្តសៀមរាប គឺពិតជាងាយស្រួល ហើយពេលខ្លះ ធ្វើឱ្យលោកស្រី​គេងលក់​នៅលើម៉ូតូក៏មាន។ លោកស្រី JATURONG KOWIT មានក្តីរំពឹងថា ទៅអនាគត ការភ្ជាប់ទំនាក់ទំនង និងការចរាចររបស់ភ្ញៀវទេសចរទាំងពីរ នឹងកាន់តែល្អប្រសើរ ពិសេសបណ្ដាខេត្តនៅ ជាប់ព្រំដែន ដែលពួកគេអាចធ្វើដំណើរដោយយានជំនិះផ្ទាល់ខ្លួនបានដោយងាយស្រួល។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍សមរាត្រី បានក្លាយជាកញ្ចប់ទេសចរណ៍ដ៏សំខាន់ដែលទេសចរទន្ទឹងរង់ចាំ និងទាក់ទាញទេសចរច្រើនកុះករ។ តាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍សមរាត្រី ឬEquinox គឺពីថ្ងៃទី ២១ ដល់២៣ ខែមីនា មានទេសចរជាតិ និងអន្តរជាតិសរុបជាង ៨ម៉ឺននាក់មកទស្សនា ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១៤,២៣៣នាក់៕