(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប ដែលពិធីនេះមានការអញ្ជើញចូលរួមពីអភិបាលរង បណ្តាខេត្តជុំវិញបឹងទន្លេសាប មេបញ្ជាការកងឯកភាព ប្រធានស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក បានរាយការណ៍សង្ខេបអំពី លទ្ធផលបង្រ្កាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាប ក្នុងត្រីមាស១ ឆ្នាំ២០២៥ ដោយដំណាក់កាលអនុវត្តន៍មាន ០៣ដំណាក់កាល។
ជាលទ្ធផលសរុបរួម៖ បំផ្លាញឡុកចំនួន ៧,២២៥គ្រឿង; ស្បៃមុងគ្រប់ប្រភេទចំនួន ២,៨០០,៩៩៤ម៉ែត្រ; ក្បាល(អ៊ុយ-ស្បៃមុង-បរ)ចំនួន ១,១៩៤ក្បាល; ឡុកនិងអ៊ុយ ចំនួន ៧,៤០៦មាត់/លប; បង្គោលចម្រឹងចំនួន ៥៩០,០៧១ដើម; ប្រលែងត្រីចំនួន ២៧,៣៦៥គីឡូក្រាម; ប្រលែងលៀសចំនួន ៧២៥តោន; ប្រជាពលរដ្ឋស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ត្រីចំនួន ៣១៥គ្រឿង កាំភ្លើងខ្យល់ចំនួន០១ដើម; ដកហូតទូកចំនួន ៥៦គ្រឿង រថយន្តចំនួន ០២គ្រឿង ម៉ាស៊ីនទូកចំនួន ១៤គ្រឿង ម៉ាស៊ីនរែងលៀសចំនួន ០៨គ្រឿង ម៉ាស៊ីនប៉ូមខ្យល់ចំនួន ០៤គ្រឿង កាំភ្លើងច្នៃចំនួន ០១ដើម ឧបករណ៍ឆក់ត្រជាក់ចំនួន១៥គ្រឿង អាគុយចំនួន ២១គ្រាប់ ឧបករណ៍អូសលៀសចំនួន ០១ឈុត និងសម្ភារមួយចំនួនទៀត; អប់រំប្រជាពលរដ្ឋ អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ចំនួន ១,១៨៧នាក់; ធ្វើកិច្ចសន្យាប្រជានេសាទចំនួន ៤៤១នាក់ ទូកចំនួន៩៨គ្រឿង; ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧៨នាក់(វៀតណាម៤៧នាក់) ។
នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លើផ្ទៃបឹងទន្លេសាប របស់កងទ័ព ជើងគោក សម្រេចបានក្នុងកិច្ចការបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ ទាំងយប់ ទាំងថ្ងៃ និងជារៀងរាល់ថ្ងៃ ដោយមិនខ្លាចនឿយហត់ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទ និងសាធារណជនគ្រប់ទិសទី។
នាយឧត្តមសេនីយ៍ បានណែនាំឲ្យគណៈបញ្ជាការបង្រ្កាបបទល្មើសនេសាទរបស់កងទ័ពជើងគោក បន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តន៍យុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ដោយផ្តោតកិច្ចការសំខាន់ចំនួន៣៖
*ទី១៖ បង្រ្កាបរាល់បទល្មើសនេសាទគ្រប់ប្រភេទ គ្រប់រូបភាព និងគ្រប់ទម្រង់
*ទី២៖ អភិរក្ស និងធានានិរន្តរភាព ធនធានជលផល និងជីវចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ
*ទី៣៖ អភិវឌ្ឍបឹងទន្លេសាប ដោយត្រូវចុះជួប ចុះផ្សព្វផ្សាយ និងជួយដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីប្រជាពលរដ្ឋអាចប្រកបរបរលើផ្ទៃបឹងទន្លេសាបដោយស្របច្បាប់ និងការទទួលខុសត្រូវ។
លោក ខូយ រីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្មរបស់កងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ ដែលបានរួមគ្នាការពារសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ និងប្តេជ្ញាគាំទ្រយុទ្ធនាការ បង្រ្កាប អភិរក្ស និងអភិវឌ្ឍបឹងទន្លេសាប អោយបានជោគជ័យ។
ក្នុងឱកាសត្រួតពិនិត្យវឌ្ឍនភាពការងារបង្រ្កាបបទល្មើសនេសាទគ្រប់ប្រភេទ លើផ្ទៃបឹងទន្លេសាបនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត មានដូចជា ថវិកា ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ អង្ករ មី ស្ករស ត្រីខ ជូនដល់បណ្តាកងឯកភាព ចំណុះគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទខុសច្បាប់លើផ្ទៃបឹងទន្លេសាប របស់កងទ័ពជើងគោក៕