(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានថ្លែងបញ្ជាក់ថា ការកសាងសមិទ្ធផលពិតជាមិនអាចខ្វះបាន ពីការចូលរួមពីពុទ្ធបរិស័ទ និងប្រជាពលរដ្ឋនឹងបានកកើតរស់ឡើងវិញនៅឆ្នាំ១៩៧៩។
លោកស្រី ឃួន ឃុនឌី បានថ្លែងដូចនេះក្នុងពិធីកាត់ខ្សែបូរបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ធផលនានាក្នុងវត្តបទុមពោធិរាជ ហៅវត្តវិហារខ្ពស់ ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរកងកម្លាំង មន្ត្រីរាជការ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រមាណជិត ១ពាន់នាក់ ។
ក្នុងឱកាសនោះលោកស្រីបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបានសម្តែងនូវភាពសោមនស្សចំពោះសមិទ្ធផលថ្មី ដែលបានកើតមានឡើងនៅក្នុងទីអារាមនេះ និងបានកោតសរសើរចំពោះព្រះចៅអធិការ អាចារ្យវត្ត គណ:កម្មការវត្តនិងពុទ្ធបរិស័ទទាំងអស់ដែលបានប្រឹងប្រែងយកព្រះទ័យ និងយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធផលនេះ ឡើងទុកជាប្រយោជន៍នៅក្នុងព្រះពុទ្ធសាសនាសំរាប់ជាទីគោរពបដិបត្តិព្រះធម៌ និងប្រារព្ធពិធីបុណ្យផ្សេងៗ ដែលចាត់ទុកជាបច្ច័យរួមចំណែកបន្ថែមទៀតញ៉ាំងឱយវិស័យពុទ្ធចក្រកាន់តែរីកចំរើនគង់វង្សស្ថិតស្ថេរថែមទៀត។
លោកស្រីបន្តថា កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់សម្តេ មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាប្រមុខ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រពិសេស តាមរយៈគោលនយោបាយឈ្នះឈ្មះ របស់សម្តេចតេជោ ប្រទេសកម្ពុជាទាំងមូលទទួលបាននូវការផ្សះផ្សារជាតិ សន្តិភាព ឯកភាពជាតិ ប្រជាធិបតេយ្យ ស្ថេរភាពនយោបាយ និងពង្រឹងឡើងវិញលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។
លោកស្រី ឃួន ឃុនឌី បានរំលឹកថា ក្នុងសម័យកាលដែលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងរបបប្រល័យពូជជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បណ្តាឱ្យហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ វត្តអារាម សាលារៀន ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋត្រូវទទួលរងនូវការបំផ្លិចបំផ្លាញស្មើសូន្យ សូម្បីតែសាសនាផ្សេងៗទៀតក៏ត្រូវទទួលរងនូវការកាប់សំលាប់ និងបំផ្លិចបំផ្លាញស្ទើរតែផុតពូជដែរ។ អាស្រ័យដោយមានជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានរំដោះរួចផុតពីគ្រោះប្រល័យពូជសាសន៍ និងទទួលបានសិទ្ធិសេរីភាពរួមគ្នាកសាងសង្គមជាតិឡើងវិញរហូតមានការរីកចម្រើនជាលំដាប់ដូចឃើញជាក់ស្តែងក្នុងពេលបច្ចុប្បន្ន។
លោកស្រីបានលើកទឹកចិត្តឲ្យពុទ្ធបរិស័ទទាំងអស់ត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយច្បាស់លាស់ និងដឹកនាំប្រទេសប្រកបដោយភាពរីកចំរើនលើគ្រប់វិស័យ ប្រទេសជាតិទទួលបានសុខសន្តិភាព សុវត្ថិភាព និង ការអភិវឌ្ឍន៍តាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាល។
លោកស្រីបញ្ជាក់ថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក និងការប្ដេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំក្នុងការខិតខំប្រឹង ប្រែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋព្រោះវត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់គោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសិក្សារៀនសូត្រព្រះធម៌ វិន័យនិងផ្សព្វផ្សាយ អប់រំកាយវាចាចិត្តដល់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគន្លងព្រះពុទ្ធសាសនា ដើម្បីទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងភាពសុខដុមក្នុងគ្រួសារ និងសង្គមជាតិ ថែមទៀតផង។
លោកស្រី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្តាប់តាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ឪពុកម្តាយធ្វើយ៉ាងណាឲ្យក្លាយជាធនធានមនុស្សមួយរូបដែលសង្គមត្រូវការដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាល មិនត្រូវសេពគ្រឿងញៀន ធ្វើខ្លួនជាក្មេងទំនើងពាលាអាវាសែឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។
ក្នុងឱកាសនោះដែរលោកស្រី ឃួន ឃុនឌី បាននាំយកបច្ច័យ សម្ភារៈពីការចូលរួមរបស់ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងសប្បុរសជន ទៅប្រគេនព្រះសង្ឃ និងជូនដល់លោកយាយលោកតា ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ផងដែរ៕