(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលថ្មីៗកន្លងទៅនេះ បានអនុញ្ញាតឱ្យលោក Vanlalvawna Bawitlun ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រីបានជម្រាបជូន អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ លើវិស័យក្រោមសមត្ថកិច្ចរបស់ក្រសួង ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិតផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានកោតសរសើរលើសមិទ្ធផល ដែលក្រសួងសម្រេចបាននាពេលកន្លងមក ហើយបានគូសបញ្ជាក់អំពីការគាំទ្រដំណើរការ នៃការកែទម្រង់របស់ក្រសួង និងបន្តផ្តល់កិច្ចសហការក្នុងការផ្តល់អាហារូបករណ៍ បណ្តុះបណ្តាលខ្លីលើមុខវិទ្យាឌីជីថល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕