(សៀមរាប)៖ សមាគមទេសចរណ៍កម្ពុជា (CATA) បានសហការជាមួយសមាគមទេសចរណ៍ថៃ (TTPA) បានសម្របសម្រួលឱ្យមានកម្មវិធីទេសចរណ៍ Caravan ឬទេសចរម៉ូតូធំពីប្រទេសថៃ ដើម្បីផ្សព្វផ្សាយគោលដៅ ទេសចរណ៍កម្ពុជា។

លោក អេង គន្ធា ប្រធានសមាគម CATA សាខាខេត្តសៀមរាប បានឱ្យដឹងថា ទេសចរណ៍ Caravan កំពុងមានការចាប់អារម្មណ៍ និងពេញនិយមសម្រាប់ទេសចរមួយចំនួន ដែលចូលចិត្តធ្វើដំណើរ​តាមរយៈម៉ូតូធំ និងរថយន្តផ្ទាល់ខ្លួន ឆ្លងដែនចូលមកកម្សាន្តប្រទេសជិតខាង ក្នុងនោះមានថៃជាដើម។ លោកបន្តថា ទេសចរណ៍ប្រភេទនេះជាផ្នែកមួយសំខាន់ក្នុងរួមចំណែកបង្កើនចំណូលសេដ្ឋកិច្ចជាតិ។

តាមរយៈការសម្របសម្រួលពីក្រុមហ៊ុនទេសចរណ៍ អារញ័ស៊ីសូផុន ធូរ (Aran Sisophon Travel& Tours) ក្រុមម៉ូតូធំថៃដែលមានគ្នា២៦នាក់ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ បានឆ្លងដែនពី​ច្រកព្រំដែនអន្តរជាតិ​សំពៅលូន ខេត្តបាត់ដំបង ចូលមកកម្សាន្តខេត្តសៀមរាប ពិសេសមកទស្សនា ព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត។ លោក អេង គន្ធា បញ្ជាក់ថា តាមរយៈក្រុមប្រឹក្សាភិបាលរបស់សមាគម បានជួយសម្របសម្រួលឯកសារ និងបែបបទនានា ដើម្បីឱ្យពួកគេមានភាពងាយស្រួល និងរីករាយ​អំឡុងពេលចូលមកកម្សាន្ត​នៅកម្ពុជា។ 

បន្ថែមពីនេះ លោក អេង គន្ធា ក៏បានថ្លែងអំណរគុណអាជ្ញាធរពាក់ព័ន្ធ រាប់ទាំងមន្រ្តីនៅ​តាមច្រក​ព្រំដែន និងអាជ្ញាធរជាតិអប្សរា ដែលសម្របសម្រួលឱ្យកម្មវិធី Caravan នេះប្រព្រឹត្តិទៅដោយរលូន ក្នុងន័យដើម្បីឱ្យពួកគេបានចូល រួមថតរូប និងផ្សព្វផ្សាយ ទាក់ទាញក្រុមម៉ូតូធំរបស់ពួកគេ ចូលមកកម្សាន្តកម្ពុជាឱ្យបានកាន់តែច្រើនទៀតនៅពេលអនាគត។

លោក គន្ធា បានបន្តថា ទេសចរម៉ូតូធំថៃ ចូលចិត្តមកកម្សាន្តនៅខេត្តមួយចំនួន ដូចជាបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឬបើមានពេលច្រើនពួកគេជិះជុំវិញបឹងទន្លេសាប។ តាមគោលការណ៍ និងអនុសាសន៍​របសសម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សមាគម CATA ក៏បានពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធ និងរៀបចំភ្ជាប់វង់ទស្សនារវាងខេត្តនៅជុំវិញចំនួន៤ ដូចជាសៀមរាប កំពង់ធំ ឧត្តរមានជ័យ និងព្រះវិហារជាដើម ដើម្បីឱ្យទេសចរអាចស្នាក់នៅបានយូរ និងបង្កើតបទពិសោធន៍ទស្សនាពីកម្ពុជាឱ្យបានកាន់តែច្រើន។

ទេសចរណ៍ Caravan ជាទេសចរដែលភាគច្រើនពួកគេមានជីវភាពធូរធារ និងមានធនធានច្រើន។ ទោះបីពួកគេបើកយានជំនិះចូលមកដោយខ្លួនឯងពិតមែន ប៉ុន្តែប្រធានសមាគម CATA ខេត្តសៀមរាប លោក គន្ធា នៅតែយល់ថា ការចាយវាយពួកគេនៅតាមផ្លូវដែលពួកគេឆ្លងកាត់ បានជួយដល់សេដ្ឋកិច្ចនៅ ក្នុងសហគមន៍មួយផ្នែកផងដែរ។

លោកសំណូមពរឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ជួយបង្កភាពងាយស្រួល​ដល់ទេសចរ​ប្រភេទនេះឱ្យបានច្រើន ពិសេសពេលពួកគេឆ្លងដែន​មកជាលក្ខណៈឯកជន ឬក្រុមគ្រួសារ ទោះបីមិនមកតាមក្រុមហ៊ុនក៏ដោយ។ ការធ្វើដូច្នេះ នឹងធ្វើឱ្យពួកគេមានអារម្មណ៍ងាយស្រួល នឹងទាក់ទាញពួកគេមកលេងកម្ពុជាបានកាន់តែច្រើន ស្របពេលដែលរាជរដ្ឋាភិបាលបានរៀបចំកម្មវិធី និងព្រឹត្តិការណ៍ជាច្រើនដូចជាបុណ្យទន្លេ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្តជាដើម។

សូមបញ្ជាក់ថា ក្រោមកិច្ចសហការជាមួយសមាគមទេសចរណ៍ថៃ សមាគមទេសចរណ៍កម្ពុជា បានសម្របសម្រួលក្រុមម៉ូតូធំថៃ ដើម្បីទៅទស្សនាព្រឹត្តិការណ៍សមរាត្រីនៅអង្គរវត្ត និងការថតរូបជាច្រើន នៅតំបន់អង្គរ។ ទេសចរថៃបានកោតសរសើរព្រឹត្តិការណ៍សមរាត្រី និងសន្យាថា នឹងជួយផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរថៃដទៃទៀតមកទស្សនានៅពេលក្រោយ។

បន្ថែមពីនេះ CATA ក៏បានរៀបចំពិធីអាហារពេលល្ងាច និងភ្ជាប់ទំនាក់ទំនងគ្នារវាងប្រតិបត្តិករទេសចរណ៍កម្ពុជា និងថៃផងដែរ​ ដែលរៀបចំឡើងនៅភោជនីយដ្ឋាន Palate Restaurant៕