(កំពង់ស្ពឺ)៖ ជាថ្មីម្តងទៀត! លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានក្រើនរំឭកមន្ត្រីជំនាញឲ្យបញ្ចប់ការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យបានក្នុងឆ្នាំ២០២៥នេះ។ ការក្រើនរំឭកនេះធ្វើឡើងក្នុងឱកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាម្ចាស់ដីចំនួន២ឃុំ គឺឃុំពាំងល្វា ចំនួន៦ភូមិ ឃុំជើងរាស់៨ភូមិ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ទូទាំងខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានទូទាំងខេត្ត ប្រមាណជា១១០៧២៧២ក្បាលដី ក្នុងនោះក្រុមការងារបានវាស់វែងក្បាលដីបានចំនួន ១.០៨៨.០៩៥ ក្បាលដី ស្មើនឹង ៩៩.៦% (ចំពោះក្បាលដីដែល មិនពាក់ព័ន្ធ បានវាស់វែងចប់១០០%) គូសក្បាលដីបានចំនួន ១.០៨៨.០៩៥ក្បាលដី ស្មើនឹង ៩៩.៦% ប្រមូលទិន្នន័យវិនិច្ឆ័យបានចំនួន ១.០៨៣.៤១៩ក្បាលដី ស្មើនឹង ៩៩.១% បញ្ចូលទិន្នន័យបានចំនួន ១.០៥០.៥២៥ ក្បាលដី ស្មើនឹង ៩៦.១% បិទផ្សាយចប់បានចំនួន ១.០៤០.១៥៩ក្បាលដី ស្មើនឹង ៩៥.២% បានចេញបណ្ណបានចំនួន ៨៧៣.១០២បណ្ណ ស្មើនឹង ៧៩.៩% និងចែកបណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន៧១៤.៧៥៧ បណ្ណ ស្មើនិង ៦៥.៤%។
លោកបញ្ជាក់ថា ជុំវិញលទ្ធផលសម្រេចបានខេត្តកំពង់ស្ពឺ នៅមានក្បាលដីនៅសល់ប្រមាណ១៩.៤៧៧ក្បាលដីទៀតដែលស្ថិតក្នុងស្រុកចំនួន៤គឺស្រុកឱរ៉ាល់ ស្រុកបសេដ្ឋ ភ្នំស្រួច និងស្រុកថ្ពង ជាក្បាលដីដែលពុំអាចវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋបាន។
ការដែលមិនអាចវាស់វែង និងចុះបញ្ជីបាននេះគឺដោយសារតែដីទាំងនោះនៅជាប់ពាក់ព័ន្ធ និងការបែងចែកដែនរដ្ឋបាលខេត្ត និងខេត្ត ដែនជម្រកសត្វព្រៃ ក្រុមហ៊ុនសម្បទានមិនទាន់ដាច់ស្រេច ដែលទាមទារឱ្យមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនយន្តការ នៃការដោះស្រាយដើម្បីឱ្យការវាស់វែង និងចេញបណ្ណរបស់ក្រុមការងារសុរិយោដីអាចបញ្ចប់ដោយរលូន និងឆាប់រហ័ស។
លើកឡើងក្នុងឱកាសនោះដែរលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានគូសបញ្ជាក់ថា ក្រោមដំបូលនៃសុខសន្តិភាព រាជរដ្ឋាភិបាលមានឱកាសក្នុងការវាស់វែងដីធ្លី និងផ្តល់វិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិអចលនទ្រព្យជូនប្រជាពលរដ្ឋ ហើយបណ្ណកម្មសិទ្ធិនេះ បានធ្វើឱ្យពលរដ្ឋមានសុវត្ថិភាពទាំងផ្លូវចិត្ត និងសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់និងគ្រប់គ្រងដីធ្លី កាត់បន្ថយនិងលុបបំបាត់ ទំនាស់ដីធ្លីនៅកម្ពុជាពិសេសលុបបំបាត់ទំនាស់ព្រំដី ធ្វើឱ្យការគ្រប់គ្រងដីមានភាពច្បាស់លាស់បញ្ចប់ទំនាស់ និងអនុញ្ញាតឱ្យមានការកសាងផែនការអភិវឌ្ឍន៍មានភូមិឃុំស្រុកក្រុងខេត្តមានភាពងាយស្រួល។ មួយវិញទៀតសន្តិសុខដីធ្លីក៏ជាឱកាសមួយមួយផងដែរ ក្នុងការអភិវឌ្ឍន៍ខេត្ត និងឱកាសការងារដល់ប្រជាពលរដ្ឋតាមរយៈការដាក់ទុនវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក និងបរទេស។
ទន្ទឹមនេះអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានគិតគូរយកចិត្តទុកដាក់ និងដាក់ចុះនូវគោលនយោបាយដីធ្លី វាស់វែងដីធ្លីនិងផ្តល់បណ្ណកម្មសិទ្ធិដល់ពលរដ្ឋ និងបញ្ជាក់ថារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជារាជរដ្ឋាភិបាលដឹកនាំគិតពីប្រយោជន៍ របស់ប្រជាពលរដ្ឋ កសាង និងអភិវឌ្ឍន៍ដើម្បីប្រជាពលរដ្ឋ និងសូមបងប្អូនប្រជាពលរដ្ឋបន្តការជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕