(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ត្រូវតែលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ ជំងឺដង្កូវព្រូនស៊ីស្តូ នាដំណាច់ឆ្នាំ២០២៥នេះ ក៏ដូចជាត្រូវតែគ្រប់គ្រងឱ្យខានតែបានលើសពីលទ្ធភាពដែលមានប្រយុទ្ធនឹងជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺដង្កូវព្រូនផ្សេងទៀត ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជនកម្ពុជា។

ការលើកឡើងបែបនេះរបស់ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា​ ឆ្នាំ២០២៥នេះ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមប្រធានបទ «កម្ពុជាគ្មានជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ត្រឹមឆ្នាំ២០២៥ ប្រកបដោយនិរន្តរភាព» របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល។ ពិធីនេះដោយមានការចូលពី លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ លោក Pascal Ringwald តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោក Naeem Durrani តំណាងអង្គការ UNOPS ប្រចាំកម្ពុជា ព្រមទាងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការនឹករលឹក ការថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់កោតសរសើរដោយស្មោះពី សំណាក់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលបានសហប្រតិបត្តិការ និងសហការជាមួយក្រសួងសុខាភិបាល ក៏ដូចជា ការវិនិយោគលើការងារលុបបំបាត់ជំងឺគ្រុនចាញ់និងជំងឺព្រូនស៊ីស្តូ ការងារប្រយុទ្ធនឹងជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺដង្កូវព្រូនផ្សេងទៀត ទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីនាំមកនូវសមិទ្ធផលវិជ្ជមានជាច្រើនគួរជាទីមោទនៈខ្ពស់។

លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សន្និបាតដែលយើងទាំងអស់គ្នាកំពុងចូលរួមនាពេលនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងថ្នាក់ដឹកនាំនិងមន្រ្តីសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន ស្ថាប័ន-អង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ អ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ ដៃគូវិនិយោគ ដៃគូរអនុវត្ត ដើម្បីជួបជុំគ្នាផ្លាស់ប្តូរបទពិសោធន៍ ពិភាក្សា ពិនិត្យ និងវាយតម្លៃលើ វឌ្ឍនភាពសមិទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ សម្រាប់អន្តរាគមន៍ជំហានបន្ទាប់ និងសំណូមពរ ដែលជាធាតុចូលនៃបច្ច័យរួមគ្នាដើម្បីកំណត់ទិសដៅការងារ ជាសកម្មភាពយុទ្ធសាស្រ្ត សមស្របប្រកបដោយ គុណភាព ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាបែបបុរេសកម្ម ឆ្ពោះទៅធានាបានថា ត្រូវតែលុបបំបាត់ឱ្យបាននូវជំងឺគ្រុនចាញ់ ជំងឺដង្កូវព្រូនស៊ីស្តូ នាដំណាច់ឆ្នាំ២០២៥នេះ ក៏ដូចជាត្រូវតែគ្រប់គ្រងឱ្យខានតែបានលើសពីលទ្ធភាព ដែលមានប្រយុទ្ធនឹងជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺដង្កូវព្រូនផ្សេងទៀត»

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ ក៏សូមគាំទ្រនូវរបាយការណ៍នេះ និងសូមសម្តែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំ ភាពជាម្ចាស់ការ ការប៉ិនប្រសប់បត់បែនបែបបុរេសកម្ម និងនវានុវត្តន៍ របស់មជ្ឈមណ្ឌលជាតិ កម្មវិធីជាតិ ព្រមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិតទាំងអស់ ដែលបានប្រតិបត្តិការអភិក្រមសកម្មភាពយុទ្ធសាស្រ្តពេញលេញគ្រប់ជ្រុងជ្រោយសមស្របតាមផែនការយុទ្ធសាស្រ្តជាតិ ចូលរួមចំណែកគាំទ្រគោលនយោបាយសុខាភិបាលគ្របដណ្តប់សុខភាពសកលជាអាទិភាពនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដំណាក់កាលទីមួយ ក្រោមការដឹកនាំដ៏មានថាមពល ឈ្លាសវៃ គតិបណ្ឌិតមិនរីងស្ងួត និងជាមគ្គុទេសក៏បន្តវេនដ៏ឆ្នើមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការថែរក្សាម្លប់សន្តិភាពពេញលេញ សេរីភាព ឯករាជជាតិ និងការអភិវឌ្ឍន៍ ស្មើមុខមាត់ទាំងក្នុងតំបន់ និងសកលលោក។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានពាំនាំនូវ ការណែនាំទាំង ៥ចំណុច របស់លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងក្នុងឱកាសសន្និបាតការងារសុខាភិបាល កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ៖ ១៖ ត្រូវស្រាវជ្រាវរកឱ្យឃើញរាល់ករណីគ្រុនចាញ់ ហើយព្យាបាលផ្តាច់ ២៖ ត្រូវបន្តធ្វើការបណ្តុះបណ្តាលពី ការចម្លងជំងឺ រោគសញ្ញា ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការបង្ការជំងឺគ្រុនចាញ់ ដល់គ្រូពេទ្យ ឬអ្នកពាក់ព័ន្ធនៅតាមសហគមន៍ ឬកងកម្លាំង ៣៖ ត្រូវផ្តល់ថ្នាំបង្ការ នៅគ្រប់តំបន់មានហានិភ័យចម្លងជំងឺគ្រុនចាញ់ ៤៖ គ្រប់អង្គភាពទាំងអស់ ត្រូវធានាមិនឱ្យមានការឆ្លងជំងឺគ្រុនចាញ់នៅក្នុងតំបន់គ្រប់គ្រងរបស់ខ្លួន និង៥៖ បង្ការករណីនាំចូលពីអ្នកដំណើរមកពីប្រទេសដែលមានជំងឺគ្រុនចាញ់៖ តាមរយៈការចូលរួមសហការជាមួយក្រុមចត្តាឡីស័ក្កនៅតាមច្រកចេញ-ចូលអន្តរជាតិ។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ៊ុយ រ៉េកុល បានបន្ថែមថា មជ្ឈមណ្ឌលជាតិ ក៏សូមថ្លែងអំណរគុណ ដល់ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូវិនិយោគ ដៃគូអភិឌ្ឍ ដៃគូអនុវត្ត ប្រធានក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ស្រុក អជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តភូមិ ដែលបានចូលរួមវិនិយោគ គាំទ្រ និងសហការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តស៊ូអត់ធ្មត់ ភាតរភាពសាមគ្គីភាព និងឆន្ទៈមនសិការម្ចាស់ការ ដើម្បីលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជន ដែលជាមូលដ្ឋាននៃការអភិវឌ្ឍមូលធនមនុស្ស (ដូចបានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល)។

លោកបណ្ឌិត បានជឿជាក់ថា ស្មារតី សកម្មភាពដ៏ប្រពៃថ្លៃថ្លា និងការប្រកាន់ខ្ជាប់នូវការចូលរួមចំណែកអនុវត្ត ទទួលខុសត្រូវទាំងនេះ នឹងនៅតែកើតមានជាបន្តបន្ទាប់ ក្នុងការវិនិយោគប្រតិបត្តិការលើកម្មវិធីជាតិទាំងបី ក្នុងទិសដៅ កាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូន ពិសេស ការឈានឆ្ពោះទៅគ្មានជំងឺគ្រុនចាញ់ និងគ្មានជំងឺស៊ីស្តូនាឆ្នាំ២០២៥ ដែលជាការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ-សង្គម របស់ប្រជាជន ដែលកំពុងរស់នៅយ៉ាងសប្បាយរីករាយក្នុងបរិបថសេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូ វឌ្ឍនភាព និងសុខដុមរមនីយកម្មពេញលេញទូទាំងប្រទេស ដ៏ត្រចះត្រចង់ក្នុងទឹកដីអច្ឆរិយរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំបន្តវេនដ៏ឆ្នើមត្រឹមត្រូវ ប្រកបដោយថាមពល និងគតិបណ្ឌិតឈ្លាសវៃមិនរីងស្ងួត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕