(កណ្តាល)៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកទឹកចិត្តដល់សមាគមមិត្តដើម្បីមិត្ត ចូលរួមពង្រឹងពង្រីកសាមគ្គីភាពដ៏ទូលំទូលាយនៅក្នុងសង្គមជាតិ ដោយគ្មានការើសអើង និងចូលរួមលើកកម្ពស់ការពារសុខសន្តិភាព។
ថ្លែងនៅក្នុងពិធីបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ ក្នុងអាណត្តិទី៧ របស់សមាគមមិត្តដើម្បីមិត្ត ដែលបានរៀបចំឡើងនៅសាលាគរុកោសល្យ និងវិក្រិដ្ឋការខេត្តកណ្ដាល កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥។
លោកអភិបាលខេត្ត បានមានប្រសាសន៍ថា សុខសន្តិភាពគឺពិតជាសំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ, កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះ «សន្តិភាព» គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកអភិបាលខេត្ត បានលើកទឹកចិត្តដល់សមាគម សូមបន្តការគិតគូរថែមទៀតក្នុងការបង្កើនសមាជិកឲ្យបានច្រើនឡើង និងបន្តធ្វើសកម្មភាពឲ្យកាន់តែសកម្មថែមទៀត ក្នុងការគៀងគរធនធានពីសប្បុរសជននានា សម្រាប់គាំទ្រដល់កិច្ចការងារររបស់សមាគមឲ្យមានដំណើរការបានរលូនជាបន្តទៅទៀត។
សូមជម្រាបថា សមាគមមិត្តដើម្បីមិត្តបានកំណត់គោលដៅច្បាស់លាស់របស់ខ្លួន គឺចូលរួមពង្រឹងពង្រីកសាមគ្គីភាពដ៏ទូលំទូលាយ នៅក្នុងសង្គមជាតិដោយគ្មានការរើសអើង និងចូលរួមលើកកម្ពស់ការថែរក្សា ការពារសុខសន្តិភាព នៃប្រទេសជាតិ ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់មនុស្សជាតិគ្រប់រូប ដោយចៀសវាងមិនធ្វើសកម្មភាពបម្រើផលប្រយោជន៍ឱ្យគណបក្សនយោបាយណាមួយឡើយ។ ការណ៍នេះ បានទទួលការគាំទ្រពី លោក គួច ចំរើនផងដែរ។
សមាគមមិត្តដើម្បីមិត្តបានចាប់បដិសន្ធិនៅថ្ងៃទី ២៦ ខែកុម្ភៈឆ្នាំ ២០០៦ តាមលិខិតអនុញ្ញាតរបស់ក្រសួងមហាផ្ទៃលេខ ១២៩៥ សជណ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៥។ គិតមកទល់ឆ្នាំ២០២៥នេះ សមាគមបានដំណើរការអស់រយៈពេល ២០ឆ្នាំកន្លងមកហើយ បានប្រារព្ធសន្និបាតប្រចាំឆ្នាំជារៀងរាល់ឆ្នាំ និងបានប្រារព្ធសន្និបាតប្រចាំអាណត្តិក្នុងរយៈពេល ៣ឆ្នាំម្តង។
បច្ចុប្បន្ននេះ សមាគមមានសមាជិកសរុបចំនួន ៥៣៥នាក់ ក្នុងនោះស្ត្រី ១០៧នាក់ អាយុក្រោម ៦០ឆ្នាំ មានចំនួន ៥៦ភាគរយ និងអាយុលើសពី ៦០ឆ្នាំ មានចំនួន ៤៤ភាគរយ។ ក្នុងចំណោមសមាជិកទាំង ៥៣៥នាក់មាន៖ មន្ត្រីចូលនិវត្តន៍ ២១១នាក់ មន្រ្តីរាជការកំពុងបំពេញការងារ ១៩៤នាក់ និងជាអាជីវករ-កីឡាករ-តន្ត្រីករ និងអ្នកសារព័ត៍មានវិជ្ជាជីវៈចំនួន១៣០នាក់៕