(កំពង់ឆ្នាំង)៖ បច្ចុប្បន្នបទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង បាននិងកំពុងមានការថមថយជាបណ្ដើរៗ ដោយសារតែសកម្មភាពការចុះបង្ក្រាប និងបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ទាំងយប់ទាំងថ្ងៃ យ៉ាងសកម្មជាទីបំផុតរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ពីសំណាក់កងទ័ពជើងគោកជាច្រើនអង្គភាព ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងតឹងរឹងជាទីបំផុត។

កម្លាំងកងឯកភាពដឹកនាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទ ដែលឈរជើងនៅក្នុងទឹកដីភូមិសាស្ត្រ នៃខេត្តកំពង់ឆ្នាំង បច្ចុប្បន្នមាន កងពលតូចអន្តរាគមន៍លេខ១, ទ័ពពិសេសឆ័ត្រយោង៩១១, កងពលតូចលេខ៧០ និងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។ កម្លាំងកងទ័ពទាំងអស់ បច្ចុប្បន្នបានដាក់ពង្រាយចំនួន៥ស្រុក-ក្រុងក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង រួមមាន ស្រុកកំពង់ត្រឡាច, ស្រុកជល់គីរី, ស្រុកកំពង់លែង, ក្រុងកំពង់ឆ្នាំង និងស្រុកបរិបូរណ៍ដែលមានភូមិសាស្ដ្រជាប់បឹងទន្លេសាប។

យោងតាមរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឲ្យដឹងថា សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយកងអន្តរាគមន៍ បង្រ្កាបបទល្មើសនេសាទលើផ្ទៃទន្លេសាប កងពលលេខ៥២ យោធភូមិភាគ៥ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើស (សម្រាស់) ដែលជនល្មើសបានប្រើប្រាស់អួនហ៊ុំព័ទ្ធដុំសម្រាស់ នៅចំណុចត្រសេសចោះ ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះសមត្ថកិច្ចបានឯកភាពគ្នាឃាត់ចាប់ជនសង្ស័យ និងដកហូតវត្ថុតាងល្មើសច្បាប់មួយចំនួនមានដូចជា ទូកបាឡាស្មាច់៧.៩ម៉ែត្រ ភ្ជាប់ម៉ាស៊ីន១គ្រឿង, ទូកបាឡាស្មាច់៦ម៉ែត្រ១គ្រឿង, ម៉ាស៊ីនខ្យល់២គ្រឿង, អួនហ៊ុំសម្រាស់ទំហ៊ំ (១៤០មx៥មx ក្រឡា៣ហ៊ុន) ចំនួន១វង់, ជនល្មើចំនួន៥នាក់។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ស្របតាមច្បាប់ស្តីពីជលផល។

មន្ត្រីជំនាញរដ្ឋបាលជលផល បានអះអាងថា ចំពោះបទល្មើសនេសាទ និងបទល្មើសការបំផ្លិចបំផ្លាញធនធានធម្មជាតិផ្សេងៗ ចាប់ពីពេលនេះទៅនឹងត្រូវរឹតបន្តឹងឲ្យបានម៉ឹងម៉ាត់ជាដាច់ខាត ដោយមិនអនុញ្ញាតឲ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិជាបន្តទៀតនោះឡើយ រួមទាំងមច្ឆាជាតិក្នុងបឹងទន្លេសាបផងដែរ។ ប្រជានេសាទគ្រប់រូបដែលរស់នៅតាមដងទន្លេ មានមុខរបរនេសាទត្រី អនុញ្ញាតឲ្យធ្វើការនេសាទបាន តែត្រូវគោរពទៅតាមច្បាប់ស្ដីពីជលផលជាដាច់ខាត៕