(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង បានបញ្ជាដាច់ខាតដល់បណ្ដាឃុំមួយចំនួន ត្រូវបង្កើតគណៈកម្មការគ្រប់គ្រងទប់ស្កាត់​បទល្មើស​ចរាចរណ៍ ដែលបង្កឡើងដោយសត្វពាហនៈដែលពុំមានទំនូសខុសត្រូវពីម្ចាស់ហើយ ត្រូវធ្វើលិខិតកោះអញ្ជើញម្ចាស់សត្វទាំងនោះ​មកធ្វើកិច្ចសន្យា និងបញ្ឈប់ការលែងសត្វរបស់ខ្លួន​បែបអាណាធិបតេយ្យ។

លោក សាយ គឹមឡម បានថ្លែងដូចនេះ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោកដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែមីនា នៅសាលាស្រុកស្ទោង ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើននាក់។

លោក សាយ គឹមឡម បានបន្ថែមថា កាលណាយើងទាំងអស់គ្នារួមគ្នាក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ជាពិសេសក្មេងទំនើង អំពើអាណាធិបតេយ្យផ្សេងៗ ការបង្រ្កាបទប់ស្កាត់បទល្មើសគ្រឿងញៀ នគឺជារឿងដែលចាំបាច់បំផុត​ដែលចូលរួមសហការខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងទាំងបី និងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសយុវជន។

លោកបានឱ្យកងកម្លាំងទាំងបី និងងអាជ្ញាធរពាក់ព័ន្ធត្រូវមានកិច្ចសហការគ្នាខ្ពស់ និងធ្វើផែនការសកម្មភាពឲ្យបានច្បាស់លាស់​ស្តីពីការចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈទូទៅជូនប្រជាពលរដ្ឋ​នៅតាមបណ្ដាវត្តអារាមផ្សេងៗក្នុងឱកាសកំសាន្តសប្បាយបុណ្យចូលឆ្នាំថ្មី ដែលធ្វើឡើងនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ។

លោក បានបញ្ជាដាច់ខាតដល់គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការថែរក្សាអភិរក្សការពារធនធានធម្មជាតិព្រៃឈើ នៅតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំង ស្ថិតនៅក្នុងឃុំពពកដែលកំពុង​រងនូវការគំរាមកំហែង​ពីជនទុច្ចរិត និងពួកឱកាសនិយម​ដើម្បីធានាឲ្យបាននូវធនធានធម្មជាតិបៃតងនេះ ហើយប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលស្រុកស្ទោងនិងគ្រប់បណ្ដាឃុំត្រូវធ្វើសេចក្តីជូនដំណឹងឲ្យបានទូលំទូលាយស្ដីពី​យុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ កំពុងអនុវត្តជាក់ស្តែងតាមប្រតិទិនដែលបានកំណត់ជូនដើម្បីឱ្យប្រជាពលរដ្ឋបានទៅធ្វើឱ្យបានគ្រប់ៗគ្នា។

លោក សាយ គឹមឡម ក៏បានកោតសរសើរខ្ពស់ដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធដែលបានរួមសាកការខ្ពស់ក្នុងការទប់ស្កាត់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនពលរដ្ឋ និងទទួលនូវបានប័ណ្ណ​សរសើរ​ជាប់លេខ១ កន្លងមក ហើយបានណែនាំដល់សហការីក៏ដូចជាគ្រប់ភាគីពាក់ព័ន្ធត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយទំនួលខុសត្រូវខ្ពស់ជាពិសេសត្រូវផ្សារភ្ជាប់ទៅនឹង ជីវភាពរស់នៅជាក់ស្ដែងប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕