(ភ្នំពេញ)៖ ដើម្បីអបអរសាទរពិធីបុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖​ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» អាជ្ញាធរ មន្ដ្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានរួមសហការគ្នាសម្អាតតាមផ្លូវសាធារណៈតាមបណ្ដោយផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ក្រុងដូនកែវ។

ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងទេសចរណ៍ នាយកដ្ឋានជំនាញបានរៀបចំយុទ្ធនាការចំនួន២ គឺយុទ្ធនាការ «កម្ពុជាស្អាត ជំរុញភាពស្អាត នៃទេសចរណ៍តាមដងផ្លូវ» សហការជាមួយរដ្ឋបាលក្រុងដូនកែវ រដ្ឋបាលស្រុកសំរោង រដ្ឋបាលស្រុកបាទី រដ្ឋបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងរដ្ឋបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ធ្វើការសម្អាតអនាម័យ រៀបចំសណ្តាប់ធ្នាប់ និងចងទង់ជាតិតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលគួរស្រូវ រហូតដល់ទីក្រុងដូនកែវ ខេត្តតាកែវ។

យុទ្ធនាការ «កម្ពុជាស្អាត តាកែវស្អាត» ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមសហការពីរដ្ឋបាលក្រុងដូនកែវ ខេត្តតាកែវ មន្ទីរទេសចរណ៍ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាការពារ ប្រជាពលរដ្ឋ ប្រតិបត្តិករទេសចរណ៍សរុបប្រមាណជាង១២០០នាក់ ផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង និងយុទ្ធនាការសម្អាត ទីក្រុងដូនកែវ និងជាពិសេសនៅតំបន់ជំវិញទីតាំងប្រារព្ធពិធីបុណ្យទន្លេ៕