(កំពង់ធំ)៖ លោកស្រី សាយ សំអាត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំបូរណ៍ និងក្រុមការងារ កាលពីពេលថ្មីៗនេះ បានអញ្ជើញចូលរួមពិធីប្រគល់អំណោយរបស់សមាគមធនាគារនៅកម្ពុជា ជូនដល់សាលាបឋមសិក្សា ចំនួន៣ គឺទី១. សាលាបឋមសិក្សាច្រម៉ាស់, ទី២.សាលាបឋមសិក្សាកំពង់ឈើទាល និង ទី៣. សាលាបឋមសិក្សាកូនក្អែក ដែលស្ថិតនៅក្នុងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយអំណោយទាំងនោះរួមមាន៖ ទូរទស្សន៍ ចំនួន៣គ្រឿង និងសម្ភារសិក្សា។

ចំពោះអំណោយទូរទស្សន៍ដែលទទួលបាន គឺសម្រាប់បំពាក់នៅក្នុងបណ្ណាល័យ ដើម្បីសិស្សានុសិស្សអាចសិក្សាភាសាអង់គ្លេសបន្ថែម ក៏ដូចជាចំណេះដឹងទូទៅ ដោយប្រើប្រាស់ទូរទស្សន៍និងប្រព័ន្ធអ៊ីនធើណេត ដែលជាការចូលរួមចំណែកក្នុងការពង្រឹងការអប់រំឌីជីថលដល់ថ្នាក់មូលដ្ឋាន។

លោកស្រី​បានប្រគល់ជូនសៀវភៅរឿងនិទាន សរុបចំនួន ៤៥០ក្បាល ដែលសាលារៀននីមួយៗទទួលបានសៀវភៅចំនួន ១៥០ក្បាល សម្រាប់រក្សាទុកនៅក្នុងបណ្ណាល័យ សម្រាប់ជួយសិស្សានុសិស្សបង្កើនចំណេះដឹង ក៏ដូចជាបង្កើតទម្លាប់អានផងដែរ។

ជាមួយគ្នានេះ លោកស្រី​ក៏បានចែកទឹកដោះគោស្រស់ ជូនដល់សិស្សានុសិស្ស ដែលនេះជាផ្នែកមួយនៃអាហារូបត្ថម្ភចាំបាច់សម្រាប់ទ្រទ្រង់សុខភាព និងការលូតលាស់របស់កុមារ៕