(កូរ៉េខាងត្បូង)៖ នៅថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងចូលរួមវេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េលើកទី៣ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពង្រឹងភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព» នៅទីក្រុងដេជាន់ នៃសាធារណរដ្ឋកូរ៉េ។

វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ លើកទី៣ ឆ្នាំ២០២៥ មានរយៈពេលពីរថ្ងៃគឺថ្ងៃទី២៤ និងថ្ងៃទី២៥ ខែមីនា រៀបចំឡើងដោយក្រសួងបរិស្ថាន និងមជ្ឈមណ្ឌលទឹកមេគង្គ-កូរ៉េ (KOMEC) ក្នុងគោលបំណងដើម្បីផ្តល់ឱកាសពិភាក្សា និងដោះស្រាយបញ្ហាផ្សេងៗទាក់ទងនឹងការគ្រប់គ្រងទឹក និងភាពធន់នឹងអាកាសធាតុ ព្រមទាំងជំរុញភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់មេគង្គ។

ថ្លែងក្នុងឱកាសបើកវេទិកា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រទេសកម្ពុជា បានកំណត់បេសកកម្ម និងមានចក្ខុវិស័យច្បាស់លាស់លើវិស័យធនធានទឹក និងឧតុនិយម ដើម្បីធានានូវសន្តិសុខទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពលើគ្រប់វិស័យ ទ្រទ្រង់ដល់ជីវភាពនិងសុខុមាលភាពប្រកបដោយគុណភាព និងនិរន្តរភាពបរិស្ថាន ហើយបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អនូវការគ្រប់គ្រង និងកិច្ចសហប្រតិបត្តិការទឹកឆ្លងដែនក្នុងតំបន់មេគង្គ ឆ្ពោះទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងវិបុលភាពរួមគ្នា រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

លោករដ្ឋមន្ត្រី បានបញ្ជាក់នូវជំហរ និងការប្តេជ្ញាចិត្ត ដើម្បីធ្វើកិច្ចសហការជាមួយប្រទេសកូរ៉េ បណ្តាប្រទេសតំបន់មេគង្គទាំងអស់ និងដៃគូផ្សេងទៀត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូក្នុងកម្រិតខ្ពស់ថ្មីមួយ ដើម្បីសម្រេចបាននូវគោលដៅចុងក្រោយរួមគ្នា។

សូមបញ្ជាក់ថា វេទិកាទឹកអន្តរជាតិមេគង្គ-កូរ៉េ (MKWF) គឺជាកិច្ចប្រជុំដ៏មានសារសំខាន់មួយសម្រាប់កិច្ចសហការល្អ ក្នុងវិស័យទឹករវាងសាធារណរដ្ឋកូរ៉េ និងតំបន់មេគង្គ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២២ ដោយមានការចូលរួមពីប្រទេសនៃតំបន់មេគង្គទាំង៥ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រះរាជាណាចក្រថៃ និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ គិតមកដល់ពេលនេះវេទិកាបានប្រព្រឹត្តទៅចំនួន៣លើកគឺ វេទិកាលើកទី១ ឆ្នាំ២០២២ នៅទីសេអ៊ូល វេទិកាលើកទី២ ឆ្នាំ២០២៣ នៅទីក្រុងអ៊ិនឆន និងវេទិកាលើកទី៣ ឆ្នាំ២០២៥ នៅទីក្រុងដេជាន់ នៃសាធារណរដ្ឋកូរ៉េ៕