(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជានៅពេលបច្ចុប្បន្ន បានបន្ដអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ក្នុងការយកចិត្តទុកដាក់ដល់សាសនិកខ្មែរឥស្លាមនៅទូទាំងប្រទេស ក្នុងអំឡុងពេលចាប់ផ្ដើមចូលខែរ៉ាម៉ាឌន និងបញ្ចប់ខែម៉ារ៉ាឌន តាមរយៈការផ្ញើសារជូនពរសាសនិកឥស្លាមកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីពិសាអាហារស្រាយបួសជាមួយ​បងប្អូនខ្មែរ-ឥស្លាម ក្នុងខែរ៉ាម៉ាឌន នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលសាសនិកខ្មែរឥស្លាមទាំងនៅកម្ពុជា និងនៅទូទាំងសកលលោកសុទ្ធតែធ្វើការប្រតិបត្តិដូចគ្នាៗ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការស្រាយបួសជាក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបងប្អូនសាសនិកខ្មែរឥស្លាម ទាំងនៅកម្ពុជា និងនៅទូទាំងសកលលោក សុទ្ធតែធ្វើការប្រតិបត្តិដូចគ្នា។ ហើយនៅពេលផ្តើមចូលខែរ៉ាម៉ាឌន ខ្ញុំបានផ្ញើសារជូនពរបងប្អូនសាសនិកឥស្លាមកម្ពុជា និងសាសនិកឥស្លាមនៅទូទាំងពិភពលោក និងជូនពរនៅពេលបញ្ចប់ខែរ៉ាម៉ាឌនដោយជោគជ័យ ដែលអនុវត្តតាមគន្លងដ៏ល្អប្រពៃរបស់សម្តេចតេជោ»

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី, រាជរដ្ឋាភិបាល​តែងតែ​យក​ចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដ​ល់​ប្រជា​ជនទូទៅ ដែលឈរលើមូលដ្ឋាន នៃការពង្រឹងសុខដុមនីយកម្ម​សាស​និក នៃគ្រប់និកាយសាសនា ហើយប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅ​ទប់ស្កាត់​ការ​យកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។

បន្ថែមពីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ថ្នាក់ដឹកនាំខ្មែរឥស្លាម និង​សាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និង​មិត្តភាព ព្រមទាំងមានទំនាក់ទំនងល្អជាមួយសហគមន៍ សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយ​កម្ម​ជាតិសាសន៍ និងសាសនា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំពិធីពិសាអាហារស្រាយបួស ដែលមានលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីជាប្រធាន ដែលបានសហការរៀបចំពិធីនេះឡើង ដើម្បីបង្ហាញឲ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយ​គ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជាក្រោមម្លប់សុខសន្តិភាព។

សម្ដេចបន្ដទៀតថា ការរៀបចំនេះក៏ជាការផ្ដល់ឱកាសសម្រាប់ឲ្យអ្នកចូលរួមពិធី​បានជួបប្រាស្រ័យទាក់ទងគ្នាកាន់តែជិតស្និទ្ធ, ផ្លាស់ប្តូរគំនិតយោបល់, ចែករំលែកបទពិសោធល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែក​ដល់​ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថភាព ទាំងផ្លូវកាយ, ផ្លូវចិត្ត និងស្មារតី នៅក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ៕