(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ចេញនូវអនុសាសន៍ណែនាំ ៦ចំណុច ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា នឹងយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយនៅកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា។
ដើម្បីឱ្យសហគមន៍បងប្អូនខ្មែរឥស្លាម ទទួលបាននូវការីកចម្រើនបន្ថែមទៀត សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ណែនាំមួយចំនួន ដូចខាងក្រោម៖
ទី១៖ ថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាពព្រមទាំងមានទំនាក់ទំនងល្អ ជាមួយសហគមន៍ សាសនាដទៃទៀត, ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ, ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
ទី២៖ សូមបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមាន សមត្ថកិច្ចតាមលំដាប់ថ្នាក់។
ទី៣៖ អាជ្ញាធរមានសមត្ថកិច្ចត្រូវជួយសម្រួលលើការសាងសង់សាលារៀន វិហារឥស្លាម (ម៉ាស្និទ-ស៊ូរ៉ាវ) ជូនបងប្អូនខ្មែរឥស្លាម ដោយត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវសេចក្តីជូនដំណឹងស្តីអំពីការកំណត់ និងការកសាងទីកន្លែងប្រតិបត្តិ សាសនា ទៅតាមបណ្តាភូមិ និងមានសាសនិកខ្មែរឥស្លាមរស់នៅឱ្យស្របតាម ក្រឹត្យក្រមច្បាប់សាសនាឥស្លាម ដែលបានកំណត់ និងអនុវត្តតាមបច្ចេកទេស ទៅតាមសា្ថប័នមានសមត្ថកិច្ច។
ទី៤៖ សូមបង្កើនសកម្មភាពសង្គម តាមរយៈកិច្ចការងារមនុស្សធម៌, សុខុមាលភាព, ការអប់រំ, ការអភិវឌ្ឍ និងសកម្មភាពសាសនា ដោយឈរលើគោលការណ៍នៃ ជំនឿឥស្លាម និងគោរពតាមរដ្ឋធម្មនុញ្ញ។
ទី៥៖ សូមបន្តជឿជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានា យ៉ាងពេញលេញនូវសិទ្ធិសេរីភាពខាងសាសនាឥស្លាមនៅកម្ពុជា តាមរយៈ
សាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។
ទី៦៖ សូមបន្តកិច្ចសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដើម្បីចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម, បង្កើតបញ្ហាមិនល្អ, បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍៕