(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា និងប្រឆាំងនូវរាល់ទង្វើរើសអើងដែលអាចបង្កវិបត្តិសាសនា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នាឱកាសដែលសម្តេចអញ្ជើញពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរ-ឥស្លាម។ ពិធីនេះក៏មានការចូលរួមពីលោកបណ្ឌិត Johari Bin Abdul ប្រធានរដ្ឋសភាម៉ាឡេស៊ី និងលោក Dato’ Ahmad Azam Abdul Rahman បេសកជនពិសេសប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជាផងដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្តល់សេរីភាពជំនឿសាសនាយ៉ាងទូលំទូលាយដល់ប្រជាជនទូទៅ ដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិក នៃគ្រប់និកាយសាសនា, ប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្មដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ មិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជានោះទេ តែក៏ជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរដែលប្រទេសជាច្រើនបានកោតសសើរចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានកិច្ចសហការល្អ ជាមួយគ្រប់ស្ថាប័ន អង្គភាព ក៏ដូចជា ដៃគូពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋគ្រប់សាសនិកនៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញមោទនភាពដែលកន្លងមកលោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានចូលរួមក្នុងសន្និសីទអន្តរជាតិឥស្លាម នៅតាមតំបន់ជាច្រើន ដើម្បីផ្សព្វផ្សាយអំពីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះនៅរាជធានីភ្នំពេញសម្តេចបានចូលរួមពិធីអន្តរជាតិធំៗ ចំនួនពីរមានដូចជា៖
* ទី១៖ កិច្ចប្រជុំកំពូលឥស្លាម ក្រោមប្រធានបទ «ឥស្លាម និង ពុទ្ធសាសនា» រៀបចំដោយអង្គការសម្ព័ន្ធពិភពឥស្លាម(RABITA) ដែលជាលើកទី១ នៅលើទឹកដីកម្ពុជា ហើយក៏ជាលើកទី ១ នៅលើសកលលោក។
* ទី២៖ ការរៀបចំសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP) ដែលមានតំណាងមកពីបណ្តាប្រទេសចំនួន២៥ បានបង្ហាញពីសាមគ្គីភាព និង សុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជាដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំកសាង និងថែទាំយ៉ាងយកចិត្តទុកដាក់ជាទីបំផុតដោយហេតុថា កត្តាទាំងនេះគឺជាធាតុផ្សំមិនអាចខ្វះបាននៃសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា៕