(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និបាត សាលាដំបូងរាជធានីភ្នំពេញ មានប្រារព្ធកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ។
អមដោយលោក លោកស្រីអនុប្រធានសាលាដំបូង និងមានការចូលរួមពីលោក លោកស្រីចៅក្រម លោកប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីលេខាធិការដ្ឋានរដ្ឋបាល សរុបចំនួន ២២៣ នាក់ អង្គប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធីដែលបានគ្រោងទុក។
លោក ងួន ណារ៉ា ប្រធានសាលាដំបូងបានបើកអង្គប្រជុំ ដោយលើកឡើងពីភាពចាំបាច់ និងត្រូវប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ ដោយសារអង្គសន្និបាតបានសម្តែងនូវការបន្តគាំទ្រ និងប្តេជ្ញាអនុវត្តឱ្យបានកាន់តែសកម្ម និងកាន់តែស្វាហាប់បន្ថែមទៀតប្រកបដោយឆន្ទៈមោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់នូវយុទ្ធនាការជំរុញ និងពន្លឿន ការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីឱ្យយុទ្ធនាការទាំង ២ នេះ ទទួលបានលទ្ធផលឱ្យកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់ឆ្នាំទី២ និងសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
អង្គសន្និបាតការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ ដាក់ចេញនូវគោលការណ៍ចំនួន ១០ ចំណុច ដែលធានាបាននូវសង្គតិភាព និងការឯកភាពគ្នា សម្រាប់ការអនុវត្តរបស់សាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស និងស្របតាមគោលដៅជាយុទ្ធសាស្ត្រនៃវិធានការគន្លឹះទី៥ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកកិច្ចការនេះ គឺជាអាទិភាពការងារនៃកម្មវិធី ‹កែទម្រង់មុតស្រួច› ក្នុងវិស័យយុត្តិធម៌សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា សំដៅលើកកម្ពស់វិស័យយុត្តិធម៌ ក៏ដូចជាជំនឿទុកចិត្តរបស់សាធារណជនមកលើការអនុវត្តច្បាប់។
នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះ លោកប្រធានបានចាត់តាំង លោក លោកស្រីអនុប្រធាន ធ្វើបទបង្ហាញ៖
១. បទបង្ហាញស្ដីពីការជូនដំណឹងសាលក្រម ឬសាលដីកាព្រហ្មទណ្ឌកំបាំងមុខ
២. បទបង្ហាញស្ដីពីការប្រាក់ និងការប្រាក់យឺតយ៉ាវ
៣. បទបង្ហាញស្ដីពីការទទួលស្គាល់សន្តតិជន និងការបែងចែងមត៌ក
បន្ទាប់ពីបទបង្ហាញទាំងបីបានបញ្ចប់ លោក ងួន ណារ៉ា ប្រធានសាលាដំបូង បានបកស្រាយពន្យល់ទៅលើចំណុចការប្រើប្រាស់នូវឆន្ទានុសិទ្ធិរបស់ចៅក្រម ក្នុងការធ្វើសេចក្ដីសម្រេច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវឧត្ដមគតិយុត្តិធម៌ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ។ លោកប្រធានក៏បានណែនាំពីវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងបានជំរុញចៅក្រម ក្រឡាបញ្ជី និងមន្ត្រីទាំងអស់ក្នុងវិស័យយុត្តិធម៌ ត្រូវរឹតបន្តឹងឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការយោគយល់ចំពោះអ្នកល្មើសវិន័យឡើយ។
នៅក្នុងឱកាសបិទអង្គប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៤ និងកំណត់ទិសដៅការងារជាអាទិភាពឆ្នាំ២០២៥ របស់ក្រសួងយុត្តិធម៌ នេះ លោកប្រធាន បានលើកឡើងពីការអនុវត្ដយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះបទល្មើសគ្រឿងញៀន និងបទល្មើសពាក់ព័ន្ធនឹងគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់ ‹គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព› សំដៅរួមចំណែកក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ជាពិសេសភាពសុខសាន្តរបស់ប្រជាជន ហើយរម្លឹកអ្នកចូលរួមអង្គប្រជុំប្ដេជ្ញាចិត្តអនុវត្តសេចក្ដីសម្រេចសន្និបាតឱ្យទទួលបានជោគជ័យ៕